កាលពីថ្មីៗនេះ នាថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២១ គេប្រទះឃើញ ហ្វេសប៊ុកមួយឈ្មោះ Sokha Konkatlao បានបង្ហោះរូបភាព បំបៅដោះកូន មួយសន្លឹក ក្នុងហ្វេសប៊ុករបស់ខ្លួន អមដោយសារខ្លីមួយថា “ព្រោះតែពាក្យថាម្តាយ មិនថាក្នុងកាលៈទេសៈណាទេ ដើម្បីកូន ភ្លេចអស់ភាពអៀ.នខ្.មាស (នេះហើយជីវិតពិត)”។ ក្រោយមកបន្តិច ម្ចាស់ហ្វេសប៊ុកដដែលក៏បានបង្ហោះសារមួយសុំទោសជាសាធារណៈចំពោះការផុសរូបភាពបែបនេះ ដោយបញ្ជាក់ថា ៖
“នាងខ្ញុំអនុសេនីយ៍ទោ ស៊ីថុង សុខា អត្តលេខ71655 សូមចេញមុខសុំទោស ជាសាធារណៈក្នុង FACEBOOK ចំពោះការផុសរូបភាពបំបៅដោះកូន នៅកន្លែងធ្វើការ និងស្លៀកឈុត ឯកសណ្ឋាន កាលពីថ្ងៃទី 02/03/2021 កន្លងមកនេះ ការផុសទៅនេះ នាងខ្ញុំពុំមានគោលបំណងធ្វើអោយប៉ះពាល់ដល់ កិត្តិយស អង្គភាពនគរបាល ព្រមទាំងប៉ះពាល់ដល់ កិ.ត្តិ.យ.ស ស្រ្តីខ្មែរទេ អាស្រ័យដូចនេះ សូមអង្គភាពនិងថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ មេត្តាដោយក្តីអនុគ្រោះ”។
នៅមិនទាន់អស់ទេ ស្រាប់តែមកដល់ថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ គេឃើញ អនុសេនីយ៍ទោ រូបនេះបានធ្វើ កិច្ចសន្យា មួយទៀត ទាក់ទងការផុសរូបមួយសន្លឹកនេះ។ ឃើញបែបនេះភ្លាម ឯកឧត្តម ពេជ្រ ស្រស់ ទប់អារម្មណ៍លែងជាប់ហើយ ក៏ដាក់ប៉ុន្មានម៉ាត់ យ៉ាងចាក់ដោតថា “ឱលោកនាយអើយលោកនាយ តើលោកនាយកើត ចេញពីនរណាទៅ ?
បានជាលោកនាយមិនយល់ពី តម្លៃជាម្តាយសោះអ៊ីចឹង លោកនាយគួរលើកទឹក ចិត្តភាពជាម្តាយ នៃលោកស្រី ប៉ូលីសម្នាក់នេះ ព្រោះ គាត់ខំបម្រើជាតិផង បម្រើអង្គភាពផង និងបំពេញ តួនាទីជាមេទៀត (ម្តាយ) ចុះហេតុអ្វី លោកនាយឲ្យគាត់ ធ្វើកិច្ចសន្យាបែបនេះទៅវិញលោកនាយមានឃើញ សំណេររបស់លោកស្រីទេ គឺលោកស្រីបានបញ្ជាក់ឲ្យ មនុស្សគ្រប់រូប ដែលជាកូននោះឲ្យយល់ដឹងពីការលះបង់ របស់ម្តាយ ហើយឲ្យកូនៗគ្រប់រូបដឹងគុណផង ខ្ញុំអស់អីនិយាយហើយ លោកនាយអើយ ។
ប៉ុន្តែបើមាន បងប្អូនណាស្គាល់លោកស្រីប៉ូលីសដែលបំបៅកូននេះ សូមជួយឲ្យគាត់ទាក់ទងមកខ្ញុំផង គឺខ្ញុំជួយលើកទឹកចិត្ត គាត់50ម៉ឺនរៀល ព្រោះខ្ញុំយល់ណាស់ពីទឹកចិត្តជាម្តាយ។ លេខខ្ញុំ 070 75 77 77″៕