ក្នុងចំនោមតារាជាច្រើនដួងដែលមានឈ្មោះល្បីល្បាញ មុនឆ្នាំ១៩៧៥ លោក ជា យុទ្ធថន ជាតារាកំពូលមួយដួងដែលមានរូបសម្ភស្ស និងទេពកោសល្យមួយបែបល្អខុសពីតារាឯកទៀត។ លោក ជា យុទ្ធថន បានកសាងកេរ្តិ៍នាមល្បីល្បាញណាស់ក្នុងវិស័យភាពយន្ត ដែលអាចជាគំរូមួយយ៉ាងប្រសើរសម្រាប់មនុស្សខ្មែរជំនាន់ក្រោយកត់ត្រាលោកក្នុងទំព័រប្រវតិ្តសាស្រ្តនៃខ្សែភាពយន្ត។
នៅឆ្នាំ១៩៧០ លោក ជា យុទ្ធថនបានក្លាយជាតារាខ្មែរមួយដែលមានឥទ្ធិពលលើប្រជាជនថៃ នៅខណះដែលប្រទេសថៃ ក៏ជឿនលឿន និងរីកចម្រើនស៊ីវិល័យមិនធម្មតាដែរ។
ឥទ្ធិពលនេះបើយើងមិនបានស្រាវជ្រាវយើងគ្រាន់តែដឹងថា
លោក ជាយុទ្ធថនមានវត្ថមាននៅក្នុងកាសែត និងកញ្ចក់ទូរទស្សន៍ធំៗដែលចេញផ្សាយពេញប្រទេសថៃនាពេលនោះ តាមរយៈការសម្តែងរបស់លោកក្នុងខ្សែភាពយន្តរឿងពស់កេងកង របស់ផលិតកម្មតារារដ្ឋ ដែលបញ្ចាំងយ៉ាងគក្រេចគគ្រេងនៅទូទាំងប្រទេសថៃ និងភាពយន្តរឿងជីវិតផ្សងព្រេង ដែលលោកជាដៃគូជាមួយកំពូលតារាថៃ សម្បត្តិមេថានី និងអារ៉ាន់យ៉ាណាមវង្សតែប៉ុណ្ណោះ។
បើតាមការស្រាវជ្រាវ និងវិភាគអោយលំអិត កេរ្តិ៍នាមរបស់តារាជាយុទ្ធថនមានវិសាលភាពខ្លាំងក្លាស្មានមិនដល់ ដោយហេតុថា មានទស្សនិកជនថៃជាច្រើនស្រឡាញ់លោកដូចតារារបស់គេដែរ។
មានរឿងពិសេសជាងនេះទៅទៀតនោះ តាមប្រសាសន៍របស់លោកស្រី សរ ធានី បានរំលឹកថា លោកស្រីនៅចាំមិនភ្លេចឡើយ ឪពុកមាម្នាក់របស់លោកស្រីបានធ្វើដំណើរទៅក្រុងបាងកក តាមជើងហោះហើរមួយ ដៃជាចៃដន្យលោក ជា យុទ្ធថន ក្នុងជើងហោះហើរនោះដែរ នៅពេលទៅដល់អាកាសយាន្តដ្ឋានដនមឿង ប្រទេសថៃ លោកជាយុទ្ធថនចុះពីយន្តហោះស្ទើរតែមិនទាន់
ស្រាប់តែឃើញនារីថៃៗច្រើនណាស់ ឈររង់ចាំទទួលលោកជាយុទ្ធថននៅក្នុអាកាសយាន្តដ្ឋាន ដោយមានកាន់ផ្កាកូលាបក្រហមក្នុងដៃគ្រប់ហើយ ហើយសរសេរឈ្មោះលោកជាយុទ្ធថនធំៗថែមទៀត
ហើយស្រែកឡើងគ្រប់គ្នាថា យុទ្ធថាន យុទ្ធថាន (ជាសៀងបែបថៃភាសា) រហូតលោកជាយុទ្ធថនដើរមកទទួលបាច់ផ្កាទាំងនោះ ហើយស្វាគមន៍ដោយភាតរភាព ហើយឡើងរថយន្តដែលមានគេមកទទួលទៅសណ្នាគារបាត់។
ទន្ទឹមនិងនោះផងដែរ មកដល់សណ្ឋាគារក៏មានទស្សនិកជនជាច្រើនរូបអង្គុយរង់ចាំលោក ហើយខ្លះទៀតសុខចិត្តជួលបន្ទប់ចាំមើលលោកថែមទៀត។
មានរឿងឯកជនមួយទៀតបានលេចលឺថា មានតារាស្រីមួយដួងនៃប្រទេសថៃ ចង់រួមរស់ជាមួយលោក ហើយចង់រត់មកស្រុកខ្មែរជាមួយលោកថែមទៀត តែលោកបដិសេធដោយថាលោកមានភរិយារួចទៅហើយ។
ចំនុចនេះជាកិត្តិយសមួយនៃប្រជាប្រិយភាពរបស់លោក ដែលមានជោគជ័យក្នុងអាជីពសិល្បៈ មិនថានៅកម្ពុជានោះទេ សូម្បីតែនៅបរទេសក៏លោកមាននាមល្បីគួរអោយស្ងើចសរសើរផងដែរ៕