សូមរំលឹកបន្តិចផងដែរថា កាលពី ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ តារាសម្តែងជើងចាស់ម្នាក់ ឈ្មោះ ញឹម សុខា និយាយបណ្តើរ យំបណ្តើរ ប្រាប់រឿងមួយ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។
តារាសម្តែងជើងចាស់ ញឹម សុខា ក៏បានរៀបរាប់ទាំងទឹកភ្នែក ប្រាប់លោក អ៊ឹម ជីវ៉ា ថា “តាំងពីខ្ញុំក្លាយជាម្តាយធម៌របស់កូនមក ខ្ញុំដាច់បាយតែម្តង ព្រោះខាងផលិតកម្ម គេលែងហៅខ្ញុំថត, មានឈ្មោះម៉ែធម៌មែន ប៉ុន្តែបើយើងមិនទៅរកខ្លួនយើង យើងបានអីហូប បើយើងមិនទៅថត យើងបានអីហូប, ចេញមកបកស្រាយនេះ
ខ្ញុំចង់និយាយថា បកស្រាយឲ្យទស្សនិកជនទំាងអស់បានដឹង កុំឲ្យយល់ច្រឡំថា ខ្ញុំនេះមានសម្បើមណាស់, ខ្ញុំឃើញគេនិយាយអ៊ីចឹងមក ខ្ញុំសឹងស្ទះបេះដូងងាប់ ដែលធាតុពិតយើងវាអត់មានសោះ ដល់ពេលគេនិយាយអ៊ីចឹងមក ខ្ញុំហួសចិត្តហ្មង ខ្ញុំហួសចិត្តនិងគេនិយាយ ហួសការពិតពេក…”។
ដឹងរឿងខ្លះៗនេះភ្លាម ស្រាប់តែ លោក គួច ខេវិន ទប់អារម្មណ៍លែងជាប់ក៏បានដាក់ប៉ុន្មានម៉ាត់យ៉ាងចាក់ដោត កាលពីម្សិលមិញ នាថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ ថា “បំពង់ទឹកត្នោត បើកាលណាវាធ្លុះធ្លាយគូទហើយ កុំថាឡើយត្រឹមយកទៅត្រង់ទឹកត្នោត ទោះជាគេខំរែកមកចាក់បំពេញយ៉ាងណាក៏វាមិនចេះពេញដែរ ។
យ៉ាងណា មិញជាតិជាជំពូកមនុស្សមួយចំនួនតូច បើកាលណាធ្លុះធ្លាយចិត្ត គំនិតប្រាជ្ញា ស្មារតីហើយ ទោះជាមានគេជួយយ៉ាងណា ក៏វាមិនគ្រប់គ្រាន់ ធន់ល្មម ឬស្កប់ស្កល់ទៅនឹងចិត្តស្រេកឃ្លាន របស់ខ្លួនឡើយ ។
ជំពូកមនុស្សខ្លះទៀត “ដេកសមដួល រមួលសមគ្រិច ឬកន្ទេលធំបន្លំដេក” ជនប្រភេទនោះ បានគេជួយលើកក៏ត្អូញថាក្រោកមិនរួច គេជួយចាប់ជួយច្រាច់ ក៏ថាខ្លួនគ្រិចឆ្អឹង បានគេគគ្រឹកគគ្រេងមកជួយក៏ផ្តួលខ្លួនដេកពេញទំហឹងតែម្តង ។
ជំពូកជនបែបនេះ បើបានគេឲ្យត្រីស៊ី ក៏រមែងចាំមើលតែអ្នកឲ្យត្រីស៊ីមកទៀត ចង់បានត្រីធំជាងមុន ហើយថែមទាំងទំរន់ខ្លួនឲ្យគេកាន់តែអាណិត ដោយមិនខ្ចីគិត ទៅរកបឹងរកសន្ទូច ស្ទូចត្រី តូចក្តីធំក្តីដើម្បីស៊ីខ្លួនឯងនោះឡើយ ។
បើយ៉ាងៗនេះ ទោះជាទេព្តា ក៏យិតយោងជនប្រភេទនេះឲ្យងើបផុតពីរណ្តៅពុំរួចផង ។ មនុស្ស “ប្រថុជ្ជន” បែបនេះ បើកាលណាគេឲ្យ គេជួយក៏តាំងសរសើរ បើគេឈប់ឲ្យឈប់ជួយក៏មុសារ ថាគេអាក្រក់ជួរជាតិ ។ បើបានឆ្លងកាត់ បានជួប បានជួយ នូវជំពូកមនុស្សខាងលើ អ្នកធ្វើបុណ្យ ឲ្យទានដែលខកបំណងទាំងឡាយ គួរគប្បីយកនូវបទពិសោធន៍នេះ ទៅពិចារណាឲ្យគ្រប់ ជ្រុងជ្រោយសិន មុននឹងជួយនរណាម្នាក់??? ។
ខ្ញុំសូមជូនសុភាសិតខ្មែរមួយឃ្លា សម្រាប់ជាគតិ = កុំជួយពស់ កុំសង្គ្រោះខ្លា កុំយកអសារក្រពើ” ។ ប្អូនស្រីអូន! ប្អូនស្រីបានធ្វើបុណ្យច្រើនណាស់ក្នុងសង្គម តែចំណុចខ្សោយរបស់ប្អូនគឺ ចូលចិត្តធ្វេីបុណ្យជាមួយអ្នកក្រខ្សត់ ដូចជាមានម្តាយធម៌នេះអ៊ីចឹង… មិនដូចបងនេះទេ គឺរើសយកតែម៉ែធម៌ណា ដែលទើបតែលក់ដីបានក្តៅៗ ទើបជាការប្រសើរជាង…ហីហីៗនិយាយលេងទេបាទ”៕