មហាជនទូទៅ ពិតជាបានជ្រាបរួចមកហើយថា ផលិតកម្ម Galaxy Navatra បច្ចុប្បន្ននេះ កំពុងតែលេចធ្លោខ្លាំង គួរឲ្យកក់សំគាល់ និងស្ទើរមិនគួរឲ្យជឿ ហើយក៏បានធ្វើឲ្យ ទស្សនិកជនជាច្រើន ក៏កំពុងគាំទ្រយ៉ាងខ្លាំងផងដែរ ពិសេស រាល់បទចម្រៀងភាគច្រើន ដែលផលិតកម្មនេះបានបញ្ចេញ សុទ្ធតែពីរោះៗ និងប្លែកទាក់ទាញអារម្មណ៍ ទំាងបទមនោសញ្ចេតនា និងញាក់។
ផលិតកម្មនេះ មានតារាចម្រៀងល្បីៗ ជាច្រើនរូប មានដូចជា កំពូលតារាចម្រៀង ព្រាប សុវត្ថិ, ខេម, ពូ, តន់ ចន្ទសីម៉ា, អ៊ុក សុវណ្ណារី, វង្ស ថាណាន់, ធឿន បុរី រួមហ្នឹងតារាចម្រៀងជាច្រើនរូបទៀត ។
Galaxy Navatra ក៏មានអ្នកនិពន្ធទំនុកច្រៀង និងបទភ្លេង ដ៏ពូកែជាច្រើនរូបទៀតផងដែរ មានដូចជា ឡេង ណាវ៉ាត្រា, យឹម តាស្រង់, Tempo Tris, ស៊ុយ ឆានុត, NUMEN, សាក់ ធារិទ្ធ, លាង ស៊ាងលីន, ប្រុស ម៉ៅ, ឈឿន ស្រីនាង, ឃ្លាំង កុម្ភៈ ព្រមទំាងនៅមាន អ្នកនិពន្ធជាច្រើនរូបទៀត។
ចំណែកនៅមុននេះបន្តិច នាយប់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ដោយទ្រាំលែងបានរឿងមួយ ស្រាប់តែ លោក យឹម តាស្រង់ ដែលជាអ្នកនិពន្ធ និងជានាយកចាត់ការទូទៅ ផលិតកម្ម Galaxy Navatra បានដាក់ប៉ុន្មានម៉ាត់យ៉ាងខ្លីថា ៖
“មួយរយៈនេះ ខ្ញុំឃើញមាន អាខោន Facebook ដែលក្លែងក្លាយ (Fake) លក្ខណះរៀបចំជាមុន ជាច្រើន វាយប្រហារ លើបទចម្រៀង ដែលផុសថ្មីៗ នៅផេក Galaxy Navatra បែបបង្អាប់ និងចង់លើកសរសើរ ក្រុមហ៊ុនផ្សេង និងមួយទៀត ចង់ឲ្យប៉ះពាល់សតិអារម្មណ៍ពួកខ្ញុំ តែខ្ញុំឃើញបែបនេះ ខ្ញុំអស់សំណើច ហើយយល់ថា ពួកគេឆោត ហេតុអ្វីបានខ្ញុំថាឆោត?
១.អាខោនFacebook ដែលFakeចំនួន១ក្រុមការងាររបស់ខ្ញុំBanចោល តែ៥វិនាទី នឹងបាត់មិនអាច Comment លើPageពួកខ្ញុំជារៀងរហូត តែពួកគេវិញ ចំណាយពេលបង្កើត យ៉ាងហោចណាស់ ក៏ចន្លោះពី១០ ទៅ១៥នាទី ដែរ ក្នុងអាខោន Facebook មួយ ទើបរួចរាល់
២.ពួកគេចំណាយពេលComment គឺខាតពេលខ្លួនឯង តែមិនប៉ះពាល់ប្រយោជន៍ខ្ញុំឡើយ
៣.បើពួកគេជាមនុស្សធ្លាប់រៀនចេះដឹងខ្លះ ពួកគេនឹងមានអារម្មណ៍ថា ខុសចំពោះគំនិតដែលមិនល្អទាំងនេះ។
សម័យនេះ1+1 = 2 ហើយកុំទៅឆ្ងល់ ប្រឹងខិតខំតែកិច្ចការខ្លួនឯងឲ្យអស់ពីសម្ថតភាពទៅ បានប៉ុនណា គឺផលប៉ុណ្ណឹងហើយ ល្អៗ ញញឹមៗ សប្បាយចិត្តនឹងអ្វីដែលខ្លួនកំពុងធ្វើ និងកំពុងមាន ហើយយុទ្ធសាស្ត្រអាក្រក់បង្កើតអាខោនFacebook Fake ដើរCommentក្រុមហ៊ុនផ្សេងនេះ គ្មានក្នុងការគិតខ្ញុំទេ”៕