ថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាផ្ទុះការចាប់អារម្មណ៍ ទៅលើយុវជនខ្មែរជំនាន់ក្រោយមួយរូប ដែលតែងតែពាំនាំមកនូវ ភាពសប្បាយរីករាយជូនអ្នកលេងហ្វេសប៊ុក ជាពិសេសយុវវ័យ តាមរយៈរូបភាពកាត់តរបស់ខ្លួន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង និង កោតសរសើរមិនដាច់ពីមាត់ នូវមាតិកាថ្មីៗ ប្លែកៗ ដែលមិនចេះធុញទ្រាន់នោះឡើយ។ ថ្លែងមកកាន់សារព័ត៌មាន «ប្រជាប្រិយ» ឆាឆា ដែលមានឈ្មោះពិត គាំ សក្តិវិជ្ជា មានស្រុកកំណើតនៅរាជធានីភ្នំពេញ បានទម្លាយឱ្យបានដឹងថា
ខ្លួនមានបងប្អូនបង្កើតចំនួន ៣ នាក់ និង ជាកូនពៅ ថែមទាំងជាសិស្សដែលរៀនជំនាញផ្នែក គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ឆ្នាំ ទី ៣។ ទន្ទឹមនឹងនោះ អ្នកបង្កើតខនថិន និង ជាសិល្បករ ដ៏គួរឱ្យចាប់អារម្មណ៍រូបនេះ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នខ្លួនជាសិល្បករនៅក្រោមការគ្រប់គ្រងរបស់ ភ្លើងគប់ ហើយកត្តាដែលជំរុញឱ្យខ្លួនបង្កើត Content ថ្មីៗ ទាក់ទាញរហូតទទួលបានការចាប់អារម្មណ៍ពីមហាជន ដល់បច្ចុប្បន្ន ព្រោះដោយសារតែ
ចង់សាកធ្វើអ្វីខុសពីគេ ចង់ឱ្យមហាជនទស្សនាហើយ បំបាត់ទុក្ខកង្វល់ នឹង ទទួលនូវភាពសប្បាយថ្មីៗ ខណៈការធ្វើបែបនេះ គឺទទួលបាន ការលើកទឹកចិត្តពី គ្រួសារ មិត្តភក្តិ និង អ្នកគាំទ្រ ក៏ជាចំណែកមួយផងដែរ។ ជាចុងក្រោយ សិល្បៈករនៅលើបណ្ដាញសង្គម ដ៏មានប្រជាប្រិយភាពរូបនេះ បានទម្លាយយ៉ាងច្បាស់ៗថា បច្ចុប្បន្ន ខ្លួនមិនទាន់មានគូសង្សារទេ ប៉ុន្តែមានតែគេចោមរោមញ៉ែ ហើយទៅថ្ងៃមុខខ្លួនមានក្ដីស្រមៃចង់ក្លាយជាសិល្បករមួយរូប ដែលជោគជ័យ និង មានគេស្គាល់ជុំវិញពិភពលោក៕