ក្រោយគ្រួសារធ្លាក់ក្នុងជីវភាពយ៉ាប់យ៉ឺនបងៗរបស់ តាំង មានរិទ្ធ បានសម្រេចបោះបង់ការសិក្សា ទៅស្វែងរកការងារធ្វើ ដើម្បីផ្គត់ផ្គង់គ្រួសារ។ តាំង មានរិទ្ធ បានរៀបរាប់បន្តថា រូបគេបានដើរស៊ីឈ្នួលរកប្រាក់មកបំពេញការសិក្សា និងជួយគ្រួសារ តាំងពីរៀនថ្នាក់ទី៦មកម្ល៉េះ។ ពោលពេលសម្រាកពីការសិក្សា ពួកគេតែងស្វែងរកការងារធ្វើ ដោយពេលខ្លះស៊ីឈ្នួលធ្វើសំណង់ ដកស្ទូង ច្រូតកាត់ស្រូវ និង ពេលខ្លះលាងរថយន្តនៅតាមព្រំដែនថៃក៏មាន។
យុវជន ដែលពោរពេញដោយការតស៊ូរូបនេះ បានបញ្ជាក់ដូច្នេះ «នៅពេលម្តាយខ្ញុំចាប់ផ្តើមឈឺ អ៊ីចឹងទាំងដីស្រែ ទាំងគោក្របី ត្រូវបានលក់អស់ ដើម្បីព្យាបាលគាត់។ អំឡុងពេលនោះ ខ្ញុំរៀននៅបឋមសិក្សា នៅពេលដែលម្តាយខ្ញុំធ្លាក់ខ្លួនឈឺគ្រប់យ៉ាង គឺខ្ញុំត្រូវដើរធ្វើការឲ្យគេ ដូចជាធ្វើការសំណង់ ទៅច្រូតកាត់ ដកស្ទូង ក្រៅពីនឹងទៅលាងឡានឲ្យគេនៅទល់ដែនថៃ។ មែនទែនទៅខ្ញុំមិនដែលនិយាយរឿងទុកលំបាកឲ្យម៉ែគាត់ដឹងទេ ពីព្រោះខ្លាចគាត់បារម្ភ»។
មានរិទ្ធ បន្តថា «ទោះពេលខ្ញុំទៅដល់ណា ក៏ខ្ញុំនៅតែគិតការរៀន។ ពេលខ្ញុំចប់ថ្នាក់ទី៦ ខ្ញុំចូលទី៧ គឺត្រូវឆ្លងភូមិទៅរៀននៅភូមិគេ។ ពេលនោះគ្រួសារធ្លាក់ខ្លួនក្រមែនទែន បងៗឈប់រៀនអស់ហើយសល់តែខ្ញុំ អ៊ីចឹងគាត់ផ្តាំថា កូនឯងត្រូវតែខំរៀន បើមិនរៀនទេគ្រួសារយើងនៅតែអ៊ីចឹង។ អ៊ីចឹងខ្ញុំមានទឹកចិត្តមួយត្រូវតែខំរៀន ទោះបីឧបសគ្គខ្ញុំត្រូវទៅធ្វើជាកូនចៅគេ ពេលខ្លះអត់បាយអត់ទឹក គឺដើម្បីរកលុយជួយម៉ែ និងខ្លះយកទៅរៀនរហូតដល់បន្តចប់ថ្នាក់ទី១២»។
យុវជន មានរិទ្ធ បានរំលឹកថា ក្រោយពេលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបនោះ រូបគេគ្មានសង្ឃឹម បានបន្តការសិក្សានៅមហាវិទ្យាល័យឡេីយ ហើយក៏បានសម្រេចទៅធ្វើការងារនៅខេត្តសៀមរាប ដោយធ្វើជាអ្នករត់តុតាមភោជនីយដ្ឋាននៅពេលថ្ងៃ និងរត់តុនៅតាមក្លិបក្នុងពេយប់។នៅក្នុងការសិក្សាដែលគ្មានថវិកាជាប់ខ្លួនសោមានរិទ្ធ ស្ទើរតែបោះបង់ការសិក្សាម្តងម្កាលផងដែរ នៅពេលជួបការ លំបាកម្តងៗ តែដោយសារតែពាក្យដាស់តឿនរបស់ម្តាយ
និងការនឹកគិតថា ក្នុងនាមជាកូនអ្នកក្រគ្មាន អ្វីអាចជួយជីវិតឲ្យបានប្រសើរក្រៅពីការសិក្សានោះ ទើបធ្វើឲ្យរូបគេមានកម្លាំងចិត្តប្រឹងប្រែងចាប់យកការរៀនសូត្របន្ត។
តាំង មានរិទ្ធ បាបរៀបរាប់ទាំងអួលដេីមកដូច្នេះ «ម៉ែនទែនទៅ! ឧបសគ្គមានពេលខ្លះសឹងបោះបង់ចោលប៉ុន្តែនៅតែនឹកឃើញមួយថា ដើម្បីកែប្រែជីវភាពគ្រួសារ ដើម្បីឲ្យម៉ែមានក្តីសុខ ដើម្បីឲ្យម៉ែសប្បាយចិត្ត គឺមានតែការរៀនសូត្រមួយទេ ដែលអាចកែប្រែបាន
អាចលើកតម្កើងកិត្តិយសគ្រួសារ នៅក្នុងស្រុកភូមិនេះ បើគេដឹងថា ខ្ញុំចប់បរិញ្ញាបត្រ រៀនបានខ្ពង់ខ្ពស់ គឺមានមោទនភាពមិនត្រឹមតែខ្ញុំទេ គ្រួសារខ្ញុំ ក៏មានមោទនភាព។មួយទៀត ខ្ញុំខំជម្នះខ្លួនឯងឲ្យបាន ពីព្រោះខ្ញុំគិតថា បើខ្ញុំមិនរៀនទេ ខ្ញុំទៅធ្វើការឲ្យគេ ជាកូនចៅគេ គឺអត់មានការកែប្រែទេ
ថ្មើនេះបើសិនជាខ្ញុំមិនខំតស៊ូរៀន ខ្ញុំកំពុងលាងឡានឲ្យគេ ខ្ញុំកំពុងរត់តុឲ្យគេ។ ប៉ុន្តែពេលនេះ ខ្ញុំអាចកែប្រែជីវិតរបស់ខ្ញុំ ពីអ្នកលាងឡាន ពីអ្នករត់តុ ពីកម្មករសំណង់ ដែលគេធ្លាប់តែថាឲ្យ ឥឡូវក្លាយជាយុវជនមួយ ជនគំរូមួយសម្រាប់យុវជនខ្មែររបស់យើង»។