បើគិតមកដល់ពេលនេះ រយៈពេលមិនទាន់ដល់ ២៤ ម៉ោង ផង ដែលរូបភាពមួយសន្លឹករបស់តារាចម្រៀងរ៉េប វណ្ណដា បានបង្ហោះឡើងលើគណនីហ្វេសប៊ុក ដោយមាននារីអាថ៌កំបាំងម្នាក់កំពុងឱបកៀកកដៃនឹងរូបលោកកាលពីយប់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ កន្លងទៅ។រូបភាពនោះ ត្រូវបានហ្វេនៗជាច្រើន ជាពិសេសហ្វេននារីៗបានចូលទៅខមមិនព្រោងព្រាតបង្ហាញអារម្មណ៍ខូចចិត្ត
ក្រោយឃើញ Idol របស់ខ្លួន ថតកៀកក្បែរនឹងនារីម្នាក់ ដោយហាក់ខុសប្លែកពីការបង្ហាញរូបភាពនឹងនារីៗមុន ដែលជាសិល្បការិនី និង ជាអ្នករួមការងារនឹងគ្នា។ យ៉ាងណា អាថ៌កំបាំងត្រូវបានទម្លាយក្រោយពីលោក វណ្ណដា បានខមមិនពាក្យមួយឃ្លាថា៖ «បងអើយ ខ្ញុំអត់ដឹងអីទេ …» ដែលហាក់បញ្ជាក់ថា លោក និង នារីអាថ៌កំបាំងរូបនោះ មិនមានពាក់ព័ន្ធស្នេហានឹងគ្នាឡើយ ពោលគឺអាចរាប់អានគ្នាជាបងប្អូន ព្រោះលោកហៅនាងថា «បង»។
ជាក់ស្តែង នារីអាថ៌កំបាំងឈរកៀកដៃជិត វណ្ណដា នោះ ត្រូវបានគេស្គាល់ថាឈ្មោះ ភួង សុភ័ក្ត្រា ដែលជាអ្នកមានអាជីពលើវិថីសិល្បៈដូចគ្នាដែរ គឺកញ្ញាជាជំនួយការអ្នកដឹកនាំក្នុង MV ថ្មីរបស់ វណ្ណដា មានចំណងជើងថា «ឈាមខ្មែរ – KHMER BLOOD» និង ជា Line Producer។ លើសពីនោះ អ្វីដែលអាចឱ្យអ្នកគាំទ្រ ជាពិសេសហ្វេននារីៗជឿជាក់ ហាក់ធូរចិត្តបន្តិចបាននោះ គឺកញ្ញា ភួង សុភ័ក្ត្រា ក៏មានមិត្តប្រុសរួចហើយដែរ៕