អភិបាលរងខណ្ឌ ៧មករា រាជធានីភ្នំពេញម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ចាប់ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ភរិយារបស់លោកបានប្តឹងពាក់ព័ន្ធអំពើផិតក្បត់។
មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប បានអយដឹងថានៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កាលពីយប់ថ្ងៃទី៣០ចូល៣១ ខែមករា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស ដឹកនាំដោយលោក វរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរងទទួលការងារ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះដល់ បន្ទប់ Condo មួយកន្លែង ស្ថិតនៅភូមិគ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពបន្តថា ខណៈនោះកំលាំងជំនាញឃើញឈ្មោះ ហេង បូឡែន ភេទស្រី អាយុ ២៥ឆ្នាំរស់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងឈ្មោះ ហៀក ចាន់លាង ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរមន្រ្តីរាជការ កំពុងតែនៅក្នុងបន្ទប់ជាមួយគ្នា។
ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កំលាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការនាំខ្លួនបុរស-ស្ត្រីទាំង ២នាក់ មកការិយាល័យជំនាញដើម្បីសាកសួរពាក់ព័ន្ធនឹងអំពើផិត។
ប្រភពពីមន្ត្រីដដែលបន្តថាក្រោយពីការស្តាប់ចម្លើយរបស់ការិយាល័យជំនាញ និងដោយមានបញ្ជាពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំលាំងជំនាញបានធ្វើការឃាត់ខ្លួនឈ្មោះ ហៀក ចាន់លាង ភេទ ប្រុស កសាងសំណុំរឿងបញ្ជូនមកសាលាដំបូង ខេត្តសៀមរាប ចំណែកឈ្មោះ ហេង បូឡែន ភេទស្រី អាយុ ២៥ឆ្នាំ (ស្រីស្នេហ៍) ត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅលំនៅដ្ឋានវិញ។
កម្លាំងសមត្ថកិច្ចបញ្ជាក់ថាការឈានទៅដល់ការឃាត់ខ្លួននេះដោយសារតែមានបណ្តឹងពីស្រ្តី ជនរងគ្រោះ ឈ្មោះ ជ ករណ ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរមន្ត្រីរាជការ ទីលំនៅបច្ចុប្បន្នភូមិបឹងឈូក សង្កាត់និរោធំ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជា ប្រពន្ធស្របច្បាប់របស់ជនសង្ស័យ)៕