រដ្ឋាភិបាលបាននិយាយនៅថ្ងៃចន្ទនេះថា ត្រឹមរយៈពេលតែជាងមួយខែប៉ុណ្ណោះដើមឆ្នាំ២០២១នេះ ប្រទេសវៀតណាមបានសម្លាប់សត្វបក្សីជាង១០០,០០០ក្បាល ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺផ្តាសាយបក្សី។
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយលើគេហទំព័ររបស់ខ្លួនថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានរាយការណ៍ពីការផ្ទុះឡើងនៃវីរុសផ្តាសាយបក្សី H5N1 និង H5N6 នៅក្នុងខេត្តចំនួន១៤។
សេចក្តីថ្លែងការណ៍បាននិយាយថា “ហានិភ័យសម្រាប់ការផ្ទុះរាលដាលក្នុងទ្រង់ទ្រាយធំគឺខ្ពស់ណាស់”។
ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍នេះមិនបានបញ្ជាក់លម្អិតនោះទេ។
គួរបញ្ជាក់ថា ប្រទេសវៀតណាមមានហ្វូងបក្សីប្រហែល៤៦០លានក្បាល ហើយការផ្ទុះជំងឺផ្តាសាយបក្សីខ្នាតតូច បានកើតឡើងជាញឹកញាប់នៅក្នុងប្រទេសនេះ អំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយ៕