ពេញ​ ១ ​ឆ្នាំ​ ក្រសួង​​រកឃើញ​រថយន្ត​​ដឹក​លើស​ទម្ងន់​​ជាង​ ៥៨ ​ម៉ឺន​គ្រឿង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​រកឃើញ​ថា មាន​ករណី​រថយន្ត​ដឹក​លើសទម្ងន់​ជាង​ ៥៨ ​ម៉ឺន​គឿង​ ក្នុង​ឆ្នាំ​ ២០២០ ដែលមាន​ការថយចុះ​បន្តិចបន្តួច បើ​ប្រៀបធៀប​ឆ្នាំមុន​ហើយ​បាន​ឃាត់ទុក​រយៈពេល​ ១ ​ឆ្នាំ​នូវ​រថយន្ត​ចំនួន​ ១៧ ​គ្រឿង​ ដែល​បាន​ដឹក​លើស​ទម្ងន់​ច្បាប់​កំណត់​ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ឆ្នាំ​ ២០២០ មាន​រថយន្ត​ត្រួតពិនិត្យ​សរុប​ចំនួន​ ២ ១០៩ ៣៣០ ​គ្រឿង ក្នុង​នោះ​រថយន្ត​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន​ ៥៨៦ ១០៣ ​គ្រឿង​ ស្មើនឹង​ ២៧,៧៩ ​ភាគរយ​ ដែល​ថយចុះ​ ០,៩៧ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ​ដែលមាន​ ២៨,៧៦ ​ភាគរយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​បើតាម​របាយការណ៍​របស់​គណៈកម្មាធិការ​​សម្របសម្រួល​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ ២០២០ និង​លើក​ទិសដៅ​ឆ្នាំ​ ២០២១ ​កាលពី​សប្តាហ៍​មុន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ ប៉ាល់ ចន្ទតារា ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ បន្ថែម​ថា ការថយចុះ​ចំនួន​រថយន្ត​ដឹក​លើស​ទម្ងន់​នេះ ដោយសារ​មាន​ការអនុវត្ត​ច្បាប់​តឹងរ៉ឹង​ពី​មន្ត្រី​មាន​សមត្ថកិច្ច​ដោយ​មិន​លើកលែង​។

លោក​ថា​៖ «​យើង​អនុវត្ត​វិធានការ​តាមផ្លូវ​ច្បាប់ មិន​គិត​អ្នកតូច​អ្នកធំ​ទេ តែ​ចាប់បាន​ត្រូវ​ពិន័យ​ហើយ​និង​ឃាត់ទុក​រថយន្ត​ ១ ​ឆ្នាំ​ហ្មង ដូច្នេះ​ហើយ​ធ្វើឱ្យ​អ្នក​ដឹក​លើស​ទម្ងន់​គាត់​ខ្លាចរអា ទើប​ថយ​សកម្មភាព​ដឹក​លើស​ទម្ងន់​របស់គាត់​…​រថយន្ត​ដែល​ឃាត់ទុក​ ១ ​ឆ្នាំ​ដោយសារ​យើង​មិនអាច​អត់ឱន​ឱ្យបាន ព្រោះ​តាមផ្លូវ​ច្បាប់ ដឹក​លើស​ទម្ងន់​ត្រឹម​ ៥ ​តោន យើង​ណែនាំ​ជូន​គាត់ តែបើ​លើសពី​ ៥ ​តោន យើង​អត់​យោគយល់​ទេ ត្រូវ​ពិន័យ​ពេញ​ហើយ​ឃាត់ទុក​រថយន្ត​ទៀត​»​។

លោក​បាន​បញ្ជាក់ថា​៖ «​មិន​ថា រថយន្ត​ដឹកទំនិញ​ ឬ​ដឹក​ខ្សាច់​ទេ ឱ្យតែ​គាត់​មាន​ឱកាស ដឹក​លើស​រហូត ហើយ​ផ្លូវ​យើង​ធ្វើតាម​ស្តង់ដា ឧទាហរណ៍​ដាក់​បាន​ ៣០ ​តោន តែ​គាត់​ដឹក​ដល់​ ៨០ ​តោន វា​ធ្វើឱ្យ​ខូច​ផ្លូវ​ខ្ទេចខ្ទី​អស់ហើយ ដូច្នេះ​បាន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​តែងតែ​អំពាវនាវ​ដល់​អ្នក​ដឹកទំនិញ គិតគូរ​ពី​ផ្លូវថ្នល់ គោរព​ច្បាប់​ទាំងអស់​គ្នា​​ ដើម្បី​ប្រើប្រាស់​ផ្លូវ​បានយូរ​យើង​ធ្វើ​ផ្លូវ​តម្រូវ​ស្តង់ដា អត់​ធ្វើតាម​ទម្ងន់​ដឹក​នោះទេ​»​។

អ្នកជំនាញ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លោក​ គង់ រតនៈ ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ថា ថ្វីដ្បិតតែ​រថយន្ត​ដឹក​លើស​ទម្ងន់​ថយចុះ​តិចតួច​ក្ដី ប៉ុន្តែ​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង អនុវត្ត​ច្បាប់​របស់​មន្ត្រី​បាន​ប្រសើរ​ជាង​មុន​។

លោក​ថា​៖ «​នេះ​បង្ហាញថា​ក្រសួង​អត់​នៅ​ស្ងៀម គឺ​គាត់​បានធ្វើ​កិច្ចការងារ​នេះ ប៉ុន្តែ​យើង​មិនអាច​វាស់​ត្រឹម​កម្រិត​របាយការណ៍​នេះ​ទេ ដោយសារ​ចំនួន​យានយន្ត​បាន​កើនឡើង​ជាប្រចាំ​ក្នុង​ ១ ​ឆ្នាំៗ សម្រាប់​ខ្ញុំ​ការដឹក​លើស​ចំណុះ​ជា​ប្រការ​មួយ​​ដែល​យើង​ត្រូវតែ​ទប់ស្កាត់​ដើម្បី​បង្ការ​ការខូចខាត​ផ្លូវថ្នល់ បង្ការ​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​»​។

យ៉ាងណាក្ដី លោក​បាន​បន្ត​ជំរុញ​ដល់​សមត្ថ​កិច្ចខិតខំ​អនុវត្ត​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព​បន្ថែមទៀត និង​លុបបំបាត់​ការកិបកេង​ពី​មន្ត្រី​មួយចំនួន​ដែល​ធ្វើឱ្យ​ខូចប្រយោជន៍​សាធារណៈ​។ លោក​ថា​៖ «​ខ្ញុំ​នៅតែ​បន្ត​លើកទឹកចិត្ត​ឱ្យ​ក្រសួង​សាធារណ​ការខិតខំ​បន្ថែមទៀត​ដើម្បី​ការពារ​ផ្លូវ​យើង​ឱ្យ​បាន​ល្អ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ដែល​បណ្តាល​មកពី​ការបើកបរ​លើស​ទម្ងន់​»​។

លោក គង់ រតនៈ បាន​បន្ថែមថា តាម​លទ្ធផល​ជាក់ស្តែង​ឃើញថា នៅ​ឆ្នាំ​កន្លង​ទៅ​ចំនួន​អ្នកស្លាប់​​មានការ​ថយចុះ ឯ​គ្រោះថ្នាក់​ចរាចរណ៍​ក៏​ថយចុះ ដែល​នេះ​​បង្ហាញ​ពី​ប្រសិទ្ធភាព ទោះបី​មិន​ដូច​ការរំពឹងទុក​ ១០០ ​ភាគរយ​ក៏​បង្ហាញ​ពី​ផល​វិជ្ជមាន​ដែរ​។ ​ក្រសួង​មិនបាន​ប្រាប់​ឱ្យ​ដាក់​ទំនិញ​លើស​ទេ ប៉ុន្តែ​អាជីវករ​ឆ្លៀតឱកាស ដោយសារ​មន្ត្រី​មួយចំនួន​ទទួល​សំណូក និង​ការ​រឹតបន្តឹង​គោលការណ៍​ច្បាប់​នៅមាន​កម្រិត​ដែល​ធ្វើឱ្យ​ពួកគាត់​អត់​រាងចាល​ជាដើម​។

បើតាម​របាយការណ៍​ដដែល​រថយន្ត​ផ្ទុក​លើស​ទម្ងន់​ក្រោម​ ៥ ​ភាគរយ​ មាន ៥៨២ ៨១៤ ​គ្រឿង រថយន្ត​ផ្ទុក​លើស​ទម្ងន់​ពី​ ៥ ​ទៅ​ ១០ ​ភាគរយ មាន​ ៧៩ ​គ្រឿង រថយន្ត​ផ្ទុក​លើស​ទម្ងន់​ពី​ ១០ ​ទៅ​ ២០ ​ភាគរយ​មាន ២ ១៦៦ ​គ្រឿង និង​រថយន្ត​ផ្ទុក​លើស​ទម្ងន់​លើសពី​ ២០ ​ភាគរយ​មាន​ចំនួន​ ១ ០៤៤ ​គ្រឿង​។

ទន្ទឹមនឹងនេះ​គណៈកម្មាធិការ​សម្របសម្រួល​អចិន្រៃ្តយ៍​នឹង​ដាក់​ឱ្យប្រើ​ស្ថានីយ​ជញ្ជីង​ថ្មី​ ២ ​បន្ថែម​ទៀត​នៅ​ផ្លូវ​ក្រវាត់ក្រុង​ទី២ និង​នៅ​ខេត្តក្រចេះ ព្រមទាំង​គ្រោង​សាងសង់​ស្ថានីយ​ជញ្ជីង​ ២ ​បន្ថែម​ទៀត​នៅ​តាម​ខេត្ត​ដែលមាន​តម្រូវ​ការចាំបាច់​៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Leave a Reply