កាលពីថ្មីៗនេះ គេប្រទះឃើញ អ្នកលក់ផលិតផល តាមអនឡាញដ៏ល្បី គឺ អាជី, អាម៉ី និងក្រុមរបស់ខ្លួន មួយចំនួន បាននាំគ្នាសម្តែងរឿង “ទុំទាវ 2021” បែបកំប្លែង។ រឿងនេះ ចេញមិនទាន់បានប៉ុន្មានម៉ោងផង ត្រូវបានមហាជនភាគច្រើន នាំគ្នា រិះគន់យ៉ាងខ្លាំង ព្រោះក្នុងសាច់រឿងនេះ បានយកសាសនាមកលេងសើច និងប្រើប្រាស់នូវពាក្យសំដីមិនសមរម្យមួយចំនួន។
ព្រោះតែមានការមិនពេញចិត្តច្រើនពេក នៅទីបំផុត នាថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អាជី និង អាម៉ី បានចេញមុខសុំទោសហើយ ដោយភ្ជាប់សារខ្លីមួយបញ្ជាក់ផងដែរថា ៖
“រឿង ទុំទាវ 2021 បែបកំប្លែង ប្រសិនជាមានកំហុសខុសឆ្គង មេត្តាខន្តី អភ័យទោស ព្រោះវាគ្រាន់តែជាការសម្ដែង អោយបងប្អូនសើច អ្វីដែលសំខាន់ សម្រាប់អ្នកយកវីដេអូរឿងនេះ ចម្លងយកទៅកាត់ ត និយាយស្ដីឌៀលកប់ៗមាត់ អញ្ជើញលុបផង រិះគន់ក្រោមខមមិនបាន តែកុំជេរដៀល ហើយចម្លងដោយគ្មានការអនុញាតិ ចូលរិះគន់ ដើម្បីស្ថាបនា មានអ្នកផ្សេងថតលើសៗ ហ្នឹងផង ម៉េចមិនដៀលគេដែរទៅ? ម៉េចចឹង?”។
អាម៉ី បានបន្ថែមថា “Video សុំទោសជាសាធារណៈ រឿង ទុំទាវ រាល់កំហុសខុសឆ្គងដែលក្រុមនាងខ្ញុំបានសម្ដែងនាងខ្ញុំបានលុបចោលរួចហើយ អ្នកដែលចម្លងយកទៅផុសគឺសុំលុបចោលផងព្រោះសំណុំរឿងនេះបានបញ្ចប់ហើយ អរគុណសម្រាប់មតិរិះគុណដើម្បីស្ថាបនា មានកំហុសចេះកែ”។
ទោះជាយ៉ាងណាក៏ដោយ ក្រោយមានការរិះគន់ខ្លាំង ពីសំណាក់មហាជន ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញលិខិតអញ្ជើញម្ចាស់ផេក Hokima និងអ្នកសម្ដែងរឿង ទុំទាវ ក្នុងផេក Hokima ចូលទៅកាន់ទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ ខាងមុខនេះ ដើម្បីចូលមកបំភ្លឺ ករណីការថតកាឡៃរឿងទុំទាវ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់ សាសនា វប្បធម៌ជាតិ និងប្រពៃណីជាតិ ។
ស្រាប់តែមកដល់ ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២១ គេឃើញ អាជី កំពុង Live លក់ផលិតផលដូចធម្មតា ហើយមួយសន្ទុះក្រោយមក អាជី ក៏បានយំផង ស្រែកផង ទំាងទឹកភ្នែកជោគថ្ពាល់ ពេលកំពុងនិយាយជាមួយម្តាយតាមទូរស័ព្ទ ដោយពោលពាក្យទំាងរំជួលចិត្ត ថា “សួរថាខ្ញុំធ្វើអីខុស ម្តេចក៏ម្នាក់ៗជាន់ខ្ញុំម៉្លេះ ម៉ាក់ឯងសួរម៉ាក់អ៊ុំមើល ខ្ញុំធ្វើអីខុស ខ្ញុំសម្តែង ខ្ញុំគ្រាន់តែចង់ឲ្យបងប្អូនសើច ខ្ញុំមិនមែនចង់ឲ្យ លក្ខណៈចេញមកមានរឿងទេ ខ្ញុំមិនបានជាន់សង្គមខ្មែរពន្លិចឯណា, ម៉ាក់ឯងមិនយល់អារម្មណ៍ខ្ញុំទេ…”។
ពាក់ព័ន្ធរឿងនេះ គេប្រទះឃើញ បុរសម្នាក់ ម្ចាស់ហ្វេសប៊ុកឈ្មោះ “Tawan Jalerm official” បានចេញមុខពោលពាក្យមួយឃ្លា គួរឲ្យចាប់អារម្មណ៍ថា “រិះគន់គាត់ ត្រឹមកំហុសរបស់គាត់បានហើយ បើធ្ងន់លើសនេះ មានន័យថា អ្នកមានចេតនា ចង់ជាន់ពន្លិចគាត់ហើយ”៕