ប្ដីប្រពន្ធអនាថាមួយគូរស់នៅជាមួយគ្នា ២៤ ឆ្នាំ ដោយគ្មានការរៀបចំពិធីអាពាហ៍ពិពាហ៍ ទីបំផុតត្រូវបានជាងកាត់សក់ដ៏ចិត្តល្អម្នាក់សម្រេចបំណងឲ្យយ៉ាងរីករាយបំផុត Rosalyn Ferrer អាយុ ៥០ ឆ្នាំ និង Rommel Basco អាយុ ៥៥ ឆ្នាំ
មកពីខេត្ត Pampanga ប្រទេសហ្វីលីពីន បានចំណាយជីវិតរស់នៅជាមួយគ្នាយូរណាស់មកហើយនៅដីតូចមួយកន្លែង ដែលគេបោះបង់ចោលព្រមជាមួយកូនតូចៗចំនួន ៦ នាក់ទៀត ។
ពួកគាត់សម្រេចចិត្តយកគ្នាជាប្ដីប្រពន្ធដោយគ្មានច្បាប់ ឬ ពិធីប្រពៃណីផ្សេងៗឡើយ ដោយសារតែគាត់គ្មានសមត្ថភាព ក៏ដូចជាថវិកា និង ពេលវេលាព្រោះចាប់តាំងពីពេលនោះរហូតដល់សព្វថ្ងៃ គាត់តែងតែរវល់រកប្រាក់សម្រាប់ចិញ្ចឹមក្រពះរបស់ខ្លួនព្រមទាំងកូនៗ ។
នៅពេលនោះហើយដែលលោក Richard Strandz ដែលជាម្ចាស់ហាងកាត់សក់មួយកន្លែងនៅក្បែរនោះ តែងតែឃើញប្តីប្រពន្ធមួយគូនេះដើររើសសម្បកប្លាស្ទីកជាមួយគ្នាជានិច្ច សម្រាប់ប្ដូរយកប្រាក់ដើម្បីការចាយវាយប្រចាំថ្ងៃ ។
Richard Strandz បានបន្តទៀតថា គាត់ពិតជាមានការអាណិតអាសូរពួកគាត់ណាស់ ហើយគាត់បានសម្រេចចិត្តជួយប្តីប្រពន្ធគូនេះឲ្យចុះសំបុត្រអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ ជាពិសេសទៅទៀតនោះលោកថែមទាំងជួយទំនុកបម្រុងទាំងស្រុងទៅលើការចំណាយទាំងអស់ក្នុងការរៀបពិធីអាពាហ៍ពិពាហ៍របស់ពួកគាត់ថែមទៀតផង ៕
ប្រភព៖ Dailymail