កាលពីពេលថ្មីៗកន្លងទៅនេះនៅលើគណនីហ្វេសប៊ុកផេកផ្លូវការរបស់ Miss Cambodia បានធ្វើការបង្ហោះរូបគំនូរមួយសន្លឹកដែលត្រូវបានគូរពីរូបស្រ្តីម្នាក់ស្ថិតក្នុងសំលៀកបំពាក់នាសម័យកម្ពុជាប្រជាធិបតេយ្យ
ឬអាចហៅបានថាជាសម័យដែលប្រទេសជាតិស្ថិតក្នុងស្បៃអន្ធការ ដោយម្ចាស់ផេកនេះបានលើកសរសើរពីអ្នកដែលច្នៃប្រឌិតឈុតនោះឡើង
ខណៈវាបានបង្កប់នូវអត្ថន័យដ៏ជា្រលជ្រៅមួយផងដែរ និងត្រូវបានម្ចាស់ផេក Miss Cambodia ហៅថា ជាឈុតតំណាងជាតិថែមទៀតផង។
ជាមួយគ្នានោះដែរ គេសង្កេតឃើញលោក ហេង ឡុង បានធ្វើការចេញមុខប្រតិកម្មខ្លាំងៗចំពោះឈុតតំណាងជាតិខាងលើ និងស្នើសុំឲ្យម្ចាស់ផេក Miss Cambodia ចេញមុខសូមទោសជាសាធារណៈថែមទៀតផង
ដោយលោកយល់ថា គំនូរឈុតតំណាងជាតិនេះ បានបង្ហាញពីភាពមិនសមរម្យ និងអពមង្គលចំពោះជាតិ។ លោកបន្តថា ខ្វះអ្វីរូបតំណាងជាតិច្រើនណាស់ ហេតុអ្វីមិនយកមកបង្ហាញឲ្យពិភពលោកបានស្គាល់ផង?
ក្រោយពេលលោកសារប្រតិកម្មខាងលើនេះរួច ម្ចាស់គ្រប់គ្រងហ្វេសប៊ុកផេក Miss Cambodia ក៏បានចេញមុខមកបង្ហោះសារយ៉ាងដូច្នេះថា
«គ្រប់ឈុតតំណាងជាតិទាំងអស់សុទ្ធតែមានអត្ថន័យយ៉ាងស៊ីជម្រៅនិងមានភាពទាក់ទាញ ប្រកបដោយគំនិតច្នៃប្រឌិត មានច្រើនបែប ច្រើនទម្រង់។ Designer ធ្វើឈុតមួយៗ គាត់មិនចេះតែធ្វើទេ
ទាល់តែមានភស្តុតាងច្បាស់លាស់ទើបអាចធ្វើបាន។ ឈុតតំណាងជាតិមិនមែនបង្ហាញតែភាពរុងរឿង សិល្បៈ អរិយធម៌វប្បធម៌តែមួយមុខទេ តែវាក៏អាចបង្ហាញពីរឿងរ៉ាវ ព្រឹត្តិការណ៍ ជូរចត់
ឬបញ្ហាផ្សេងៗដែលប្រទេសនោះបានឆ្លងកាត់ឬកំពុងតែកើតឡើងនៅក្នុងប្រទេសនោះផងដែរដើម្បីអោយអន្តរជាតិបានដឹង បានឮ និង បានឃើញ។ ជាក់ស្តែង Myanmar ឆ្នាំនេះអញ្ជឹង ថែមទាំងបានឈ្នះពានBest In National Costume ទៀត។
យាងណាមិញ ខ្ញុំបាន Post គំនូរមួយដែលស្ថិតក្នុងសម័យប៉ុលពត ដោយខ្ញុំផ្ទាល់មិនមែនជាអ្នកគូរទេ តែដោយសារខ្ញុំឃើញគំនូរមួយហ្នឹងបានបង្កប់អត្ថន័យ ដែលចង់បង្ហាញពីហេតុការណ៍មួយ
ដែលខ្មែរយើងនៅសម័យនោះបានឆ្លងកាត់ ហើយ Post មួយហ្នឹងមិនមែនមានបំណងអាក្រក់អ្វីទេ ក្នុងនាមខ្ញុំជាអ្នកគាំទ្រវិស័យ Beauty Pageant
ខ្ញុំសូមបញ្ជាក់ ហើយខ្ញុំក៏សុំទោសផង ប្រសិនបើមានកំហុសខុសឆ្គងត្រង់កន្លែងណាមួយដោយអចេតនា ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់»។
ទោះបីជាយ៉ាងនេះក្ដីមហាជន ក៏ដូចជាអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនរូបហាក់មិនពេញចិត្តជាខ្លាំងចំពោះលោក ហេង ឡុង ដោយបានចូលទៅខំមិន និងជជែកវែកញែកគ្នាជាច្រើននៅលើការបង្ហោះរបស់លោក
ខណៈអ្នកខ្លះលើកឡើងថារូបគំនូរឈុតតំណាងជាតិខាងលើនេះជាឈុតមួយដែលបង្ហាញពីផ្នែកមួយនៅក្នុងសម័យកាលមួយដែលគ្រប់គ្នាមិនគួរលាក់បាំងនោះឡើយ៕