របាយការណ៍បានបង្ហាញថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ក្រុមហ៊ុន AstraZeneca ហាក់ដូចជាកំពុងការពារមនុស្សពីការឆ្លងវីរុសបំប្លែងខ្លួនឥណ្ឌា។
មានការព្រួយបារម្ភថា វីរុសបំប្លែងខ្លួនឥណ្ឌាដែលកំពុងរីករាលដាលនៅចក្រភពអង់គ្លេស អាចធ្វើឲ្យវ៉ាក់សាំងមិនសូវមានប្រសិទ្ធភាពនិងមានហានិភ័យធ្វើឲ្យ អ្នកចាក់វ៉ាក់សាំងរួចរាល់ នៅតែធ្លាក់ខ្លួនឈឺ។
ប៉ុន្តែក្នុងករណីមួយ បុគ្គលិកសុខាភិបាលចំនួន៣៣នាក់ដែលបានឆ្លងមេរោគនេះ បន្ទាប់ពីចាក់វ៉ាក់សាំងហើយនៅទីក្រុងដែលី ប្រទេសឥណ្ឌា គឺគ្មាននរណាម្នាក់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរទេ។
នេះបង្ហាញថា វ៉ាក់សាំង AstraZeneca មានសមត្ថភាពទប់ទល់នឹងវីរុសបំប្លែងខ្លួនឥណ្ឌាបាន ទោះបីឆ្លង ក៏មិនឈឺធ្ងន់ដែរ។
នៅក្នុងរលកទីពីររបស់ចក្រភពអង់គ្លេស ប្រហែលម្នាក់ក្នុងចំណោមមនុស្ស១៣នាក់ដែលបានធ្វើតេស្តវិជ្ជមានវីរុសនេះ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
ទោះបីជាតួលេខនេះបង្ហាញថា វ៉ាក់សាំងអាចតស៊ូការពារការឆ្លងក៏ដោយ ក៏មានការណែនាំផងដែរថា វ៉ាក់សាំងនឹងបញ្ឈប់ការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងការ ស្លា .ប់ ដោយសារជំងឺកូវីដ-១៩។ វាជាសញ្ញាដ៏សំខាន់ ប្រឆាំងនឹងការផ្ទុះឡើងនូវជំងឺនាពេលអនាគត។
របាយការណ៍ដែលថា ប្រជាជនឥណ្ឌានៅតែឆ្លងជំងឺ បន្ទាប់ពីចាក់វ៉ាក់សាំងរួច បានបង្កឲ្យមានការព្រួយបារម្ភខ្លះព្រោះវាបង្ហាញថា វីរុសបំប្លែងខ្លួននេះអាចយកឈ្នះប្រព័ន្ធភាពស៊ាំបាន។ ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា នេះទំនងគ្រាន់តែជាលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ៕
ប្រភព កម្ពុជាថ្មី