ម្ដាយនិងកូនតូច ៤ នាក់ស្លាប់យ៉ាងអាណោចអាធម្ម ក្នុងភ្លក់ភ្លើង ដោយសារអគ្គីភ័យឆេះផ្ទះមួយខ្នង (ខេត្តកំពង់ឆ្នាំង,ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១)៖ មនុស្ស ៥នាក់ មានម្ដាយនិងកូនតូច ៤នាក់ បានស្លាប់ក្នុងភ្លក់ភ្លើង យ៉ាងអាណោចអាធម្ម ដោយសារតែអគ្គីភ័យបានឆាបឆេះផ្ទះ ១ខ្នង។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង ៣០នាទីយប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២១នៅភូមិដើមជ្រែ ឃុំខុនរ៉ង់ ស្រុក
បរិបូណ៌ ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងនៅព្រឹកថ្ងៃទី ១០ ខែឧសភានេះ ថាស្ត្រីជាម្ដាយមានពរពោះទារកក្នុងផ្ទៃមួយទៀតផង បើដូច្នេះមែនមនុស្សស្លាប់ដល់ទៅ ៦នាក់ក្នុងហេតុការណ៍នេះ ។ តាមប្រភពព័ត៌មានដែលទទួលបានពី លោក ឈុំ សាំ ជំទប់ទីមួយឃុំខុនរ៉ង់ បានឲ្យដឹងថា គ្រួសាររងគ្រោះនេះមាន ប្ដីឈ្មោះ នន់ សារ៉េត អាយុ ៣៥ ឆ្នាំ ចំណែកប្រពន្ធមានឈ្មោះ សៀន សុខជា អាយុ ប្រមាណ ជាង ៣០ ឆ្នាំ។
គ្រួសារនេះមានមុខរបរ លក់ខោអាវជជុះ ។ ផ្ទះរងគ្រោះ ដោយ អគ្គីភ័យមានទំហំ ៥គុណនឹង ៨ម៉ែត្រ ធ្វើអំពីដែក ប្រក់និងបាំងជញ្ជាំងស័ង្កសី ។ លោកជំទប់ទី១ បានបញ្ជាក់ថាលោកមិនបានដឹងពីមូលហេតុនោះទេ ប៉ុន្តែពេលអគ្គីភ័យកើតឡើង គឺបានឆក់យកជីវិតស្ត្រីជាម្ដាយ និងកូន៤នាក់ ក្នុងនោះកូនច្បង ជាកូនភ្លោះ មានអាយុ ៨ឆ្នាំនិងកូនពៅគេមានអាយុ ៤ឆ្នាំ (ប្រុសទាំងអស់ )។ ក្នុងពេលកើតហេតុនោះដែរ បុរសជា
ប្តី និងជាឪពុក បានរួចផុតពីសេចក្តី ស្លាប់ និងបានសន្លប់ មិនអាចធ្វើអ្វីបានឡើយដោយសារតែស្លុតចិត្តខ្លាំងពេក។ ដោយឡែក លោក ជាង សុវណ្ណារិទ្ធអធិការនគរបាលស្រុកបរិបូណ៌ បានបញ្ជាក់ ប្រាប់ភ្នាក់ងារយើងនៅព្រឹកថ្ងៃទី ១០ ខែឧសភា នេះ ថា ពេលអគ្គីភ័យកើតឡើង រថយន្តរបស់អធិការរដ្ឋាននគរបាលស្រុកបានចេញប្រតិបត្តិការជួយពន្លត់។ប៉ុន្តែពេលទៅដល់មនុស្សបានស្លាប់នៅក្នុងភ្លក់ភ្លើងទៅហើយ ។ លោក
បានបញ្ជាក់ថាជាផ្ទះលក់ខោអាវជជុះយ៉ាងច្រើននិងធ្វើអំពីដែក មានច្រកចេញចូល មានតែទ្វារនិងបង្អួចតូចល្មម ។នៅពេលកើតហេតុ ដោយសារតែផ្ទះធ្វើអំពីស័ង្កសីអណ្ដាតភ្លើងឆេះដូចឡចំហុយតែម្ដង ។ ចំណែកមូលហេតុ លោកបានសង្ស័យថាបណ្ដាលមកពីទុស្សេចរន្តអគ្គីសនី ដោយសារតែផ្ទះនេះធ្វើអំពីដែកសុទ្ធ ។ ចំពោះការខូចខាតវិញគឺឆេះខ្ទេចទាំងស្រុង រួមទាំងជីវិតមនុស្សសម្ភារៈទាំងអស់ លើកលែងតែបុរសជាប្ដី ដែលពេលកើតហេតុគាត់ នៅក្នុងបន្ទប់ទឹកខាងក្រោយ ផ្ទះទើបរួចខ្លួន។ គួរបញ្ជាក់ថាអគ្គីភ័យដែលឆក់យកជីវិតមនុស្សរហូតដល់៦នាក់ រួមទាំងទារកក្នុងផ្ទៃ ក្នុងមួយគ្រួសារបែបនេះ ពិតជាពុំធ្លាប់មានទាល់តែសោះក្នុងខេត្តកំពង់ឆ្នាំង៕