ព្រះករុណា ព្រះបាទសម្ដេចរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងឯកឧត្តម ឃួង ស្រេង ឋានន្តរស័ក្ដិឧត្តមមន្ត្រីថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។
គួរបញ្ជាក់ផងដែរថា ឯកឧត្តម ឃួង ស្រេង កើតនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៩៦៦ នៅខេត្តកំពង់ធំ។ នៅឆ្នាំ១៩៩២ គាត់បាន បញ្ចប់ការសិក្សាពីសាលាវិស្វកម្មនសសាកលវិទ្យាល័យសូវៀត។ ឯកឧត្តម បានបន្តការសិក្សានៅកំរិតឧត្តមសិក្សា រហូតបានទទួលបណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយក្នុងឆ្នាំ២០០៧ នៅពេលកំពុងបំពេញ ការងារជាមន្រ្តីរាជការ។
ចាប់ពីខែមេសាឆ្នាំ១៩៩៨ ដល់ ខែកក្កដាឆ្នាំ១៩៩៩ ឯកឧត្តម ស្រេង បានបម្រើការជាមន្រ្តីនៅខណ្ឌទួល គោក។ ចាប់តាំងពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៨ គាត់ត្រូវបានតែងតាំងជាអភិបាលរងខណ្ឌទួលគោក។ ក្នុងឆ្នាំ២០០៨ លោកត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ នៅខែកុម្ភៈ ឆ្នាំ២០០៩ ដល់ខែឧសភា ឆ្នាំ២០១២ លោក ស្រេង ត្រូវបានជ្រើសរើសជាអភិបាល ខណ្ឌសែនសុខនៃរាជធានីភ្នំពេញ។
ចាប់ពីខែឧសភាឆ្នាំ២០១៥ លោកបានធ្វើការជាអភិបាលរងរាជធានីភ្នំពេញ។ ចាប់ពីឆ្នាំ២០១៧ រហូតមកដល់ពេលនេះលោកគីជាអភិបាលរាជធានីភ្នំពេញ។ ឯកឧត្តមអភិបាល ជាមន្រ្តីដ៏សកម្ម ប្រកប ដោយឆន្ទៈខ្ពស់ បានចូលរួមក្នុងការងារអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាល ការងារបម្រើសេវា សាធារណៈ ការដោះស្រាយរាល់បញ្ហាក្នុងសហគមន៍ ការងារអភិវឌ្ឍន៍រាជធានី ហេដ្ឋារចនាសម័្ពន្ធ រួមទាំងការចូលរួមចំណែកក្នុងការលើកទឹកចិត្តប្រជាជនឲ្យរក្សាសមិទ្ធិផលទាំងនោះ ទៀតផង។ គាត់បានរៀបការ ហើយមានកូនស្រី ៣នាក់ និងកូនប្រុសម្នាក់។