នៅក្នុងរយៈពេល១២ខែ ឆ្នាំ២០២០កន្លងទៅនេះ សម្រាប់តែការនាំចេញផលិតផលយុទ្ធសាស្ត្ររបស់កម្ពុជា រួមមានស្រូវ និងអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន៦០ប្រទេស ទទួលបានចំណូលសរុបជាង១២០០លានដុល្លារ។ នេះបើតាមទិន្នន័យរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក វេង សាខុន បានបញ្ជាក់ថា នៅឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៦៩០ ៨២៩ តោន មានកំណើនប្រមាណ១១.៤០ភាគរយធៀបទៅនឹងឆ្នាំ២០១៩
នៅឆ្នាំ២០២០ កម្ពុជាមានផ្ទៃដីដាំដុះចំនួន៣ ៤០៤ ១៣១ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលចំនួន៣ ២៦៨ ៩៦៨ហិកតា ដែលទួលបានទិន្នផលមធ្យមចំនួន ៣ ៣៤៥តោន/ហិកតា។
បរិមាណនៃការប្រមូលផលស្រូវសរុបចំនួន១០ ៩៣៥ ៦១៨តោនអតិរេកស្បៀងសរុប(គិតជាស្រូវ) ចំនួន៥ ៩២២ ១៣៨ តោន (ស្រូវលើសតម្រូវការ) បើគិតជាអង្ករចំនួន៣ ៧៩០ ១៦៨តោន។
អង្កររបស់កម្ពុជា ត្រូវបាននាំចេញទៅគោលដៅចំនួន ៦០ ប្រទេស ក្នុងនោះប្រទេសចិនចំនួន ២៨៩ ៤៣៩ តោន ស្មើនឹង ៤១.៩០% នៃការនាំចេញអង្ករសរុប, សហភាពអ៊ឺរ៉ុប (២៤ប្រទេស)
ចំនួន ២០៣ ៧៩១ តោន ស្មើនឹង ២៩.៥០% នៃការនាំចេញអង្ករសរុប, បណ្តាប្រទេសអាស៊ាន (៦ប្រទេស) ចំនួន ៨៦ ៨៩៩ តោន ស្មើនឹង ១២.៥៨% នៃការនាំចេញអង្ករសរុប
និងគោលដៅផ្សេងទៀត (២៩ប្រទេស) ចំនួន ១១០ ៧០០ តោន ស្មើនឹង១៦.០២% នៃការនាំចេញអង្ករសរុប។ ចំណែកក្រុមហ៊ុននាំចេញអង្ករ ក្រុមហ៊ុននាំចេញមានចំនួន ៧៦ ក្រុមហ៊ុន៕