លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យ នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ឲ្យដឹងថា គិតរហូតមកដល់ពេលនេះ អតិថិជនដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ជាង៣០ម៉ឺនគ្រួសារហើយ ទទួលបានការរៀបចំឥណទានឡើងវិញ ក្នុងទំហំឥណទាន ជាង៣ពាន់លានដុល្លារ។
ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក កាំង តុងងី អញ្ជើញចូលរួម ក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទ «ការសម្រួលទុក្ខលំបាកពលរដ្ឋ ប្រើប្រាស់កម្ចីពីធនាគារ-មីក្រួហរិញ្ញវត្ថុ ពេលបិទខ្ទប់»។
លោក កាំង តុងងី បានបញ្ជាក់យ៉ាងដូច្នេះថា «គិតមកដល់ពេលនេះ ការរៀបចំឥណទានបន្ថែម ក្នុងវិស័យហរិញ្ញវត្ថុទាំងមូល (ទាំងធនាគារ និងមីក្រូហិរញ្ញវត្ថុ) គឺយើងផ្ដល់ការរៀបចំឥណទានឡើងវិញ ជូនដល់អតិថិជនជាង៣០ម៉ឺនគ្រួសារហើយ ក្នុងទំហំឥណទានជាង៣ពាន់លានដុល្លារ»។
អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ទៀតថា ការរៀបចំឥណទានឡើងវិញនេះ នឹងនៅតែបន្ដរហូត ដរាបណាអតិថិជន នៅតែបន្ដរងផលប៉ះពាល់នឹងជំងឺកូវីដ-១៩។
បន្ថែមពីនោះទៀត លោក កាំង តុងងី បានឲ្យដឹងថា នៅអំឡុងខែមីនា ឆ្នាំ២០២១ ការស្នើសុំការរៀបចំឥណទានឡើងវិញ របស់អតិថិជនដែលរងផលប៉ះពាល់ ដោយសារវិបត្តិនៃជំងឺកូវីដ១៩ គឺមានការកើនឡើងខ្ពស់ បើធៀបទៅនឹងមុនពេលព្រឹត្ដិការណ៍សហគមន៍ ២០កុម្ភៈ។
លោកបានឲ្យដឹងថា ក្នុងរយៈពេលរីករាលដាលជំងឺកូវីដ-១៩នេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជំរុញឲ្យសមាជិកទាំងអស់ មិនឲ្យមានការផ្អាកពិ ន័យ និង ប្ដឹ . ងអតិថិជនឡើងតុលាការ ឬក៏រឹប . អូសវត្ថុបញ្ចាំងផ្សេងៗ គឺមិនអនុញ្ញាតជាដាច់ខាត ដោយសារតែយល់ឃើញថា អតិថិជនកំពុងតែរងគ្រោះ ដោយជំងឺកូវីដ-១៩។
លើសពីនោះទៀត លោក កាំង តុងងី បានគូសបញ្ជាក់ថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជំរុញឲ្យសមាជិក បន្ដបញ្ចេញឥណទានស .ង្គ្រោះ .បន្ទាន់ ឬក៏ឥណទានស្ដារអាជីវកម្ម ទៅដល់ប្រជាពលរដ្ឋ ក្នុងអត្រាមួយដែលមានការប្រាក់ទាប។
បើតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចរៀបចំឥណទានឡើងវិញ ជូនអតិថិជនបានលុះត្រាតែមានការស្នើសុំពីអតិថិជន ដោយយោងតាមកិច្ចសន្យា រវាងគ្រឹះស្ថាន និងអតិថិជន គោលការណ៍ការពារអតិថិជន ក៏ដូចជាលក្ខខណ្ឌផ្លូវច្បាប់មួយចំនួន។
ក្នុងកាលៈទេសៈដ៏លំបាក ដែលបណ្តាលមកពីជំងឺកូវីដ១៩ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាននិងកំពុងធ្វើការយ៉ាងសកម្ម ជាមួយសមាជិក និងដៃគូពាក់ព័ន្ធនានា ជាពិសេសធនាគារជាតិនៃកម្ពុជា ក្នុងការជួយដល់អតិថិជន ដែលរងផលប៉ះពាល់នេះ៕ប្រភព៖Freshnews