ដំណាំស្ពៃ រាប់សិបតោននៅខេត្តកំពង់ចាម កំពុងប្រឈមនឹងការខូចខាតជាខ្លាំង ក្នុងរដូវប្រមូលផល និងគ្មានអ្នកទិញ និងពិបាកដឹកឆ្លងដែន
ទៅកាន់ទីផ្សារផ្សេងៗ ដោយសារវិបត្តិជំងឺកូវីដ១៩ ខណៈដែលឈ្មួញកណ្ដាលមួយចំនួនធំដែលធ្លាប់ទទួលទិញពីកសិករ ពេលនេះជាប់គាំងធ្វើចត្តាឡីស័ក្ក ។ កសិករ អំពាវនាវឲ្យពលរដ្ឋជួយទិញស្ពៃ និងសុំឲ្យអាជ្ញាធរជួយរកទីផ្សារឲ្យផង ។
កសិករដាំស្ពៃម្នាក់ នៅភូមិវារិន្ទទី២ ឃុំខ្ចៅ ស្រុកកងមាស លោក ឈុន ហៀង ឲ្យដឹងថា ខែនេះ ជារដូវប្រមូលផលស្ពៃ ហើយជាទូទៅបន្លែស្ពៃរបស់លោកត្រូវបានឈ្មួញកណ្ដាលយកទៅលក់បន្តនៅទីផ្សារក្រុងភ្នំពេញ ដោយឡែកដោយសារតែបញ្ហាជាប់គាំងកូវីដ១៩ ទើបធ្វើឲ្យឈ្មួញកណ្ដាលមិនអាចមកទិញបន្លែរបស់លោកបាន។
លោកថា មានអតិថិជនខ្លះបានបញ្ជាទិញពីលោកដោយផ្ទាល់ផងដែរប៉ុន្តែ លោកមិនអាចមានមធ្យោបាយដើម្បីធ្វើការបញ្ជូនទំនិញទាំងនោះទៅកាន់អតិថិជនលោកបាននោះទេ មូលហេតុដោយសារតែបម្រាមបិទខ្ទប់របស់រាជរដ្ឋាភិបាល ទើបពិបាកក្នុងការដឹកជញ្ជូនទំនិញផងដែរ។
លោកបន្តថា ដំណាំស្ពៃលោកមានចំនួន ១៥ចំការ ប្រមាណ ៣០តោន កំពុងប្រឈមនឹងការខាតបង់ ប្រសិនបើបន្លែស្ពៃ នៅតែលក់មិនដាច់ និងមិនអាចនាំចេញទៅកាន់ទីផ្សារធំៗបាន។
លោកថាដំណោះស្រាយនៅពេលនេះ គឺកសិករ នាំគ្នាពឹងអ្នកលក់តាមអនឡាញ (Online) ដើម្បីជួយលក់គ្នា ក្នុងតម្លៃទាបបំផុត គឺមួយគីឡូក្រាម ២ពាន់ (២.០០០)រៀល ប៉ុណ្ណោះ។
ចំពោះកសិករ ពួកគាត់មិនទាមទារអ្វីច្រើនទេ គឺគ្រាន់តែថា ឲ្យមានទីផ្សារ លក់ចេញ បានក្នុងតម្លៃសមរម្យ ដែលសំខាន់ មានទីផ្សារ មានឈ្មួញអាចមកទិញបន្លែរបស់គាត់ដល់ទីតាំង ឬអាចមានការអន្តរគមន៍ណាមួយដល់ការដឹកជញ្ជូនទំនិញរបស់គាត់ទៅកាន់ទីផ្សារបាន៕ប្រសិនបើត្រូវការបន្លែគាត់អាចទាក់ទងបាន៖ (088 914 39 59)