រាជធានីភ្នំពេញ ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ បានថ្លែងនៅថ្ងៃទី១៥ កក្កដា ២០២០នេះថា ក្រសួងនឹងរៀបចំចុះបញ្ជីការពារកម្មសិទ្ធិបញ្ញាជូនជាស្នាដៃម្ចាស់តក្កករ កូនខ្មែរម្នាក់ដែលរកឃើញម៉ាស៊ីនចម្រោះទឹកមានលក្ខណៈល្អជាងបរទេស ។
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ថ្លែងបែបនេះ ខណៈពេលអញ្ជើញពិនិត្យមើលផ្ទាល់ នូវម៉ាស៊ីនចម្រោះទឹក បែបទំនើប របស់លោកបណ្ឌិតហេង ប៊ុនអ៊ី ជាកូនខ្មែរ ដែលទើបរកឃើញមានលក្ខណៈគុណភាពល្អ ជាងម៉ាស៊ីនរបស់បរទេស ។
ក្នុងជំនួបនោះ លោកបណ្ឌិត ហេង ប៊ុនអ៊ី បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន និងលោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានអនុញ្ញាតឲ្យលោក និងក្រុមការងារចូលជួបពិភាក្សា ការងារព្រោះកិច្ចការនេះមានសារៈសំខាន់ ហើយក៏ជាឱកាសឲ្យលោកធ្វើបទបង្ហាញ អំពីម៉ាស៊ីនផលិតទឹកអម្រឹត ជាពិសេស ឲ្យប្រជាពលរដ្ឋដឹងពីគុណភាពទឹកអម្រឹត ព្រោះអាចព្យាបាលជំងឺ មួយចំនួនផងដែរ។
ជាការឆ្លើយតប លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានអបអរសាទរចំពោះការរកឃើញ និងគំនិតច្នៃប្រឌិតខ្ពស់របស់លោកបណ្ឌិត ហេង ប៊ុនអ៊ី ដែលចាត់ទុកជានវានុវត្តន៍មួយ កើតចេញពីស្នាដៃកូនខ្មែរ ។ ម្យ៉ាងថ្ងៃនេះ ក្រសួងឧស្សាហកម្ម ដែលជាក្រសួងទើបបញ្ចូលវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងនោះ ក៏មានអ្នកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចូលរួមស្តាប់បទឧទ្ទេសនាម និងសាកសួរមូលហេតុផងដែរ ។
ម៉ាស៊ីនចម្រោះទឹកប្រភេទអេឡិចត្រូលីត ផលិតដោយលោកបណ្ឌិត ហេង ប៊ុនអ៊ី លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី បានអបអរសាទរសាទរ និងវាយតម្លៃខ្ពស់ ពីព្រោះជាស្នាដៃកូនខ្មែរ ផលិតក្នុងស្រុក ក្រសួងសូមលើកទឹកចិត្តចំពោះការស្រាវជ្រាវនិងផលិត បើទោះបីលើពិភពលោក គេបានរកឃើញ និងផលិតមុនយើងក៏ដោយ ។ ជាពិសេសបើយើងចេះច្នៃ ឲ្យមានលក្ខណៈប្លែកពីគេ ហើយគុណភាពប្រសើរជាង នោះក្រសួងនឹងចុះបញ្ជីការពារកម្មសិទ្ធិបញ្ញាជូន ជាស្នាដៃកូនខ្មែរម្ចាស់តក្កករ តែម្ដង ៕
លោកបណ្ឌិតវិទ្យាសាស្រ្ត ហេង ប៊ុនអុី ធ្វើបទបង្ហាញអំពីម៉ាស៊ីនផលិតទឹកអម្រឹត