ការបញ្ចេញរថយន្តចល័តលក់គ្រឿងឧបភោគបរិភោគ ដើម្បីរក្សាលំនឹងតម្លៃទំនិញនៅលើទីផ្សារ និងសម្រួលដល់ប្រជាពលរដ្ឋទទួលបានម្ហូបអាហារក្នុងអំឡុងពេលបិទខ្ទប់។ រាល់ទំនិញទាំងអស់របស់ក្រសួងពាណិជ្ជកម្មលក់ក្រោមតម្លៃទីផ្សារ។
ក្រៅពីរថយន្តចល័ត ក្រសួងក៏បានដំឡើងស្តង់ទំនិញចំនួន ១១ ស្តង់បន្ថែមទៀតសម្រាប់លក់គ្រឿងឧបភោគបរិភោគចាំបាច់ដល់ប្រជាពលរដ្ឋ។
ស្តង់ទាំងនោះស្ថិតក្នុងខណ្ឌមានជ័យចំនួន ៣ ទីតាំងគឺក្នុងភូមិស្ទឹងមានជ័យចាស់ សង្កាត់ស្ទឹងមានជ័យទី១ទល់មុខស្ថានីយប្រេងឥន្ធនៈ PTT ភូមិដំណាក់ធំ២
សង្កាត់ស្ទឹងមានជ័យទី១ (ទល់មុខសាលា CUS) និងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ (ទល់មុខកងរាជអាវុធហត្ថ) ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣។
ចំពោះទីតាំងស្តង់ក្នុងខណ្ឌពោធិ៍សែនជ័យមានចំនួន ៤ រួមមាន ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ (ទល់មុខ K-Mall) ភូមិត្រពាំងថ្លឹង២
សង្កាត់ចោមចៅ១ (ទល់មុខផ្សារឯករាជ្យ១) ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ (ទល់មុខផ្សារត្រពាំងថ្លឹង) និងទីតាំងក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ។
ចំណែក ទីតាំងនៅក្នុងខណ្ឌសែនសុខមានចំនួន ៣ ទីតាំង ដូចជា ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង (ទល់មុខផ្សារបឹងឈូក) ភូមិសំរោង សង្កាត់ឈ្មួញ (ទល់មុខហ្គ្រេនភ្នំពេញ)
ភូមិទឹកថ្លា សង្កាត់ទឹកថ្លា (មជ្ឈមណ្ឌល Water Park ) ព្រមទាំង ១ ទីតាំងក្នុងខណ្ឌទួលគោក ស្ថិតនៅភូមិ១២ សង្កាត់បឹងសាឡាង។
យ៉ាងណាក៏ដោយពាក់ព័ន្ធនឹងការរៀបចំស្តង់ដើម្បីធ្វើការលក់របស់ក្រសួងពាណិជ្ជកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារិទ្ធ បានបង្ហោះសារចូលរួមជាយោបល់ថា៖
«សូមមានយោបល់មួយ ! ឃើញក្រសួងពាណិជ្ជកម្មចាត់ចែងបើកស្តង់លក់ទំនិញក្នុងពេលបិទខ្ទប់ នេះជាគំនិតផ្តួចផ្តើមមួយល្អ ។ ប៉ុន្តែខ្ញុំគិតលេងៗថា
ក្រសួងពាណិជ្ជកម្មអាចលក់បង់រំលស់ជូនអ្នកដែលមិនមានលុយគ្រប់គ្រាន់ ហើយអនុញ្ញាតអោយអ្នកលក់ដូរធម្មតាលក់នៅជិតនោះសម្រាប់អ្នកមានលុយគ្រប់គ្រាន់ ។
ធ្វើយ៉ាងនេះ យើងជួយអ្នកមានជីវភាពខ្វះខាតផង អនុញ្ញាតអោយប្រជាពលរដ្ឋ ( អ្នកចាក់វ៉ាក់សាំងបាន ២ លើកហើយ ) មានប្រភពចំណូលវិញផង ។
ឬ បើមិនចង់ស្មុគស្មាញលក់រំលស់ទេ ក្រសួងមិនបាច់លក់ ទុកអោយឯកជនទាំងអស់ក៏បាន ( ក្រសួងត្រួតពិនិត្យតម្លៃ ) ធ្វើបែបនេះ គឺមន្ត្រី រាជការមិនលំបាកនឹងមកលក់ដូរផងដែរ ។»