ក្នុងកំឡុងពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការរឹតបន្តឹងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញឆ្លងពីតំបន់បិទខ្ទប់ ដើម្បីធ្វើឲ្យការបិទបញ្ចប់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ឱ្យបានឆាប់ ។
នៅថ្ងៃទី ២៣ មេសានេះ ក្រុមហ៊ុន វីរៈ ប៊ុនថាំ បានសហការជាមួយសាលារាជធានីភ្នំពេញ បានបញ្ចេញរថយន្តចល័តចំនួន ៦៤ គ្រឿង លក់គ្រឿងឧបភោគបរិភោគ ដែលមានបន្លែ ត្រី សាច់ ដែលមានតម្លៃសមរម្យលក់ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដើម្បីរក្សាតម្លៃទំនិញលើទីផ្សារ។ ក្នុងនោះផងដែរ រថយន្តនឹងចល័តទៅគោលដៅចំនួន ១៤ ទីតាំង រួមមាន៖
ផ្សារថ្មី ផ្សារអូរប្ញស្សី Century Plaza TK ផ្សារត្រពាំងក្រឡឹង ផ្សារស្ទឹងមានជ័យថ្មី ផ្សារកាណាឌីយ៉ា ផ្លួវឌួងងៀប មុខបុរីសូនី កាំកូស៊ីធីផ្លូវភ្លោះ មុខផ្សារដើមគរ ផ្សារអូឡាំពិច ផ្សារទួលទំពូង និងផ្សារចាស់។
លោកអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំបានថ្លែងថា៖ «យើងមិនទាន់បានកំណត់ពេល យើងដឹកជញ្ជូនក្នុងអំឡុងពេលដែលមានការបិទខ្ទប់ អ៊ីចឹងនៅពេលរាជរដ្ឋាភិបាលយើងបើកចំហវិញ គឺយើងក៏បិទវិញដែរ។ ពាក់ព័ន្ធនឹងតម្លៃលក់ក្នុងតម្លៃគាត់លក់នៅផ្សារជាធម្មតា ហើយអាចនឹងតម្លៃថោកជាងផងដែរ»។