បើនិយាយពីអធិរាជសំឡេងសម័យដើមពីររូប គ្រប់គ្នាពិតជាដឹងច្បាស់ជាក់ជាមិនខាន បើទោះបីបាត់រូបកាយក៏ពិតមែន តែសំឡេងពួកលោកទាំងពីរនៅតែបំពេរ និងកំដរអារម្មណ៍មហាជនគ្រប់ពេលវេលា។ អធិរាជសំឡេងជើងចាស់ លោកតា ស៊ិន ស៊ីសាមុត និងលោកយាយ រស់ សេរីសុទ្ធា ជាកំពូលតារាចម្រៀងដ៏ល្បីល្បាញជំនាន់មុន ដែលលោកទាំងពីរបានស្លាប់ទៅហើយក្នុងរបបដ៏ឃោឃៅមួយ។
ចង់ដឹងច្បាស់ពីប្រវត្តិលោកទាំងពីរយ៉ាង សូមតាមដានជាមួយ ដែនដីនៃការចែករំលែក ទាំងអស់គ្នាដូចខាងក្រោមនេះ៖១) ប្រវត្តិតារាចម្រៀងដ៏ល្បីល្បាញ ស៊ីន ស៊ីសាមុត
លោក ស៊ីន ស៊ីសាមុត (ឬ ស៊ិន ស៊ីសាមុត) គឺជាអ្នកនិពន្ធបទចម្រៀង និងជាអ្នកចម្រៀងខ្មែរដ៏ល្បីល្បាញ នាអំឡុងឆ្នាំ ១៩៥០-១៩៧០ ដែលមានរហ័សនាមថា “អធិរាជសំឡេងមាស“។ លោកតាកើតនៅថ្ងៃទី ២៣ សីហា ១៩៣២ និងស្លាប់ទៅវិញនៅថ្ងៃទី ១៨ ឧសភា ១៩៧៦ ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ដោយលោកតាមានបងប្អូន ៤ នាក់ (ប្រុស ២ ស្រី ២) លោកតាជាកូនពៅ ហើយលោកតាមានឪពុកឈ្មោះ ស៊ីន-លាង ជាឆ្មាំយាមពន្ឋនាគារនៅខេត្តបាត់ដំបង និងជាទាហានបដិវដ្តន៍ប្រឆាំងអាណានិគមបារាំង និងម្តាយឈ្មោះ ស៊ីន ប៊ុនលឿ ដែលជាកូនកាត់ឡាវ-ចិន។
ប្រវត្តិការសិក្សា លោកតាបានចូលរៀននៅសាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែង ពេលអាយុ ៥ ឆ្នាំលោកមាននិស្ស័យនឹងព្រះពុទ្ធសាសនា ដោយលោកបានសុំរៀនភាសាបាលីពីភិក្ខុមួយអង្គនៅឆ្នាំ ១៩៥១ បានបញ្ចប់ការសិក្សាចំណេះទូទៅ ហើយក៏បានបន្តការសិក្សានៅសាលាវេជ្ជសាស្ត្រនៅភ្នំពេញដោយស្នាក់នៅជាមួយឪពុកមារបស់លោក។លោកបន្តការសិក្សាវេជ្ជសាស្ត្ររហូតដល់ចប់ និងចូលបម្រើការងារនៅមន្ទីរពេទ្យព្រះកេតុមាលា
ជីវិតសិល្បះតាំងពីអាយុ ៦ ឬ ៧ ឆ្នាំ ដោយចូលចិត្តកូតទ្រដេញម៉ង់ដូលីន និងចាប៉ី ជាញឹកញាប់ លោកត្រូវបានសាលាសុំឲ្យលេងម៉ង់ដូលីនក្នុងពិធីបុណ្យផ្សេង ៗ នៅសាលា។ ទោះជាមមាញឹកការសិក្សាសាលាវេជ្ជសាស្ត្រ លោកតាឆ្លៀតពេលទំនេរ ដើម្បីរៀនច្រៀង និងនិពន្ធបទភ្លេងដែរ។លោកតាចាប់ផ្តើមល្បីនៅសាលា ពីព្រោះលោកតាជាអ្នកមានទេពកោសល្យខាងតន្ត្រី និងចម្រៀង ហើយលោកតាត្រូវបានគេសុំឲ្យច្រៀងនៅរាល់កម្មវិធីរបស់សាលា។ ពេលទំនេរ លោកតាសិក្សាបទភ្លេង និងហាត់ច្រៀង។
នៅឆ្នាំ ១៩៥១ បានបង្កើតក្រុមតន្ត្រីមួយឈ្មោះ ព្រះច័ន្ទស្មី ដែលមានសមាជិក ៩ នាក់។ មិនយូរប៉ុន្មានក្រោយមក ក្រុមតន្ត្រីរបស់លោកតា ទទួលបានការគាំទ្រពេញនិយមពីសំណាក់ប្រជាពលរដ្ឋក្រុងភ្នំពេញ។នៅឆ្នាំ១៩៥៣ ក្រុមតន្ត្រីរបស់លោក ត្រូវបានវិទ្យុជាតិអញ្ជើញឲ្យចូលប្រគំរួមជាមួយក្រុមតន្ត្រីវិទ្យុជាតិ ឈ្មោះ រាជសីហ៍។ លោកតាចាប់ផ្ដើមល្បីពាសពេញភ្នំពេញ លោកក្លាយជាអ្នកចម្រៀងពាក់កណ្ដាលអាជីព ដោយជារឿយ ៗ លោកតែងចេញច្រៀងតាមវិទ្យុ និងពិធីមង្គលការផ្សេងៗ។
ដើមទសវត្សរ៍ ៥០ លោកតាបានត្រូវម្ចាស់ក្សត្រី កុសុមៈនារីរ័ត្ន សព្វព្រះរាជហឫទ័យអនុញ្ញាតអោយលោកចូលក្នុងវង់ភ្លេងព្រះរាជទ្រព្យ ដែលក្នុងនោះមានលោក សុះ ម៉ាត់ ដែរ ដើម្បីសម្តែងក្នុងពិធីគារវកិច្ច ក៏ដូចជាលៀងសាយភោជន៍ផ្សេងៗ រហូតដល់ឆ្នាំ ១៩៧០។
១៩៦៣ បានចាប់ផ្តើមថតចម្រៀងអោយផលិតកម្មវត្តភ្នំ។ នៅឆ្នាំ ១៩៧១ ទូរទស្សន៍សាធារណរដ្ឋ បានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នូវបទ “ចំប៉ាបាត់ដំបង” ដែលជាបទដំបូងគេបង្អស់ ដើម្បីអបអរសាទរពិធីសម្ភោធស្ថានីយ៍របស់ខ្លួននៅឆ្នាំ១៩៦៥។ លោកបានចូលរួមថតបទចម្រៀងថ្វាយព្រះបាទនរោត្តម-សីហនុ ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។
នៅចុងទសវត្សរ៍ ៦០ និងដើមទសវត្សរ៍ ៧០ លោកចាប់ផ្តើមថតបទចម្រៀងដាក់ក្នុងភាពយន្តពេញនិយមមួយចំនួននាសម័យនោះ មាន រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ និង រឿងថាវរីមាសបង
១៩៦៦ លោកតា បានចាប់ផ្តើមថតចម្រៀង ជាមួយអ្នកស្រី ប៉ែន-រ៉ន និងឆ្នាំ ១៩៦៧ អ្នកស្រី រស់-សេរីសុទ្ធា ចាប់អាជីពសិល្បៈករជាមួយនឹងបទស្ទឹងខៀវ។ នៅក្រោយមកទៀត លោកស៊ីន ស៊ីសាមុត ថតអាល់ប៊ុមអោយផលិតកម្មច័ន្ទឆាយា និងផលិតកម្មហេងសេង
រហូតមកទល់ឆ្នាំ១៩៧២ លោកបានលក់ចម្រៀងជាង ១ ពាន់បទអោយផលិតកម្មនានា ហើយរហូតដល់ការដួលរលំនៃសាធារណរដ្ឋខ្មែរនៅឆ្នាំ១៩៧៥ លោកបានថតចម្រៀង ប្រហែល ១ ពាន់ បទទៀត។ លោកបានប្រើប្រាស់វចនានុក្រមដល់ទៅ ៣ ដោយគ្រាន់តែចង់មើលតើពាក្យមួយសរសេរត្រឹមត្រូវឬអត់ដូចជា៖ ភាសាខ្មែរ, ភាសាសំស្ក្រឹត និងភាសាបាលី។
ចំណង់ចំណូលចិត្ត និងមិនចូលចិត្តចូលចិត្តអានសៀវភៅ ទាត់បាល់ ល្បែងជល់មាន់ បង្ហោះខ្លែង ហាត់លើកទម្ងន់រាល់ព្រឹក និងមើលកុនបារាំង នៅរោងភាពយន្តលុច្ស និងរោងភាពយន្តព្រហ្មបាយ័នចូលចិត្តញុំាម្ហូបឡាវ និងញ៉ាំតែម្ហូបគោក មានសាច់ មិនចូលចិត្តញ៉ាំបន្លែទេ ហើយពងទាចៀនជាម្ហូប ដែលលោកចូលចិត្តញ៉ាំជាប្រចាំ ម្យ៉ាងវិញទៀត ពេលយប់ បន្ទាប់ពីការសម្ដែង លោកតែងទៅហូបបបរជាមួយមិត្តភក្តិ តែលោកមិនចូលចិត្តពិសារស្រាភេសជ្ជៈ ម្ទេស ម្រេច និងបារីទេ។
ច្រៀងនៅភោជនីយដ្ឋាន និងទ្រព្យសម្បត្តិលោកតាច្រៀងនៅរង្គសាលក្បាលថ្ម រង្គសាលនាគបាញ់ទឹក និងរង្គសាល ១ ទៀតនៅក្បែរក្រសួងមហាផ្ទៃ ដោយច្រៀង ២-៣ បទ តម្លៃ ១៥០០រៀលសង់បានវីឡាធុនមធ្យមមួយនៅទួលទំពូងដែលមានឈ្មោះថា វីឡាសូក្រាត និងរថយន្តវ៉ុលវ៉ាហ្គិន (Volkswagen) ពណ៌ខៀវផ្ទៃមេឃ យករថយន្តមែរសឺដែស (Mercedes 220D)ពណ៌ខៀវ។
២) ប្រវត្តិតារាចម្រៀងដ៏ល្បីល្បាញ រស់ សេរីសុទ្ធាលោកស្រី រស់ សេរីសុទ្ធា កើតនៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ១៩៤៦ ដែលមានស្រុកកំណើតភូមិដំណាក់ហ្លួង ឃុំវត្តគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង រួចបានបាត់បង់ជីវិតនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៧ (ពត៌មានមិនផ្លូវការ)។ លោកស្រីមានឪពុកឈ្មោះ រស់ ប៊ុន ជាលោកគ្រូភ្លេងខ្មែរផង និងជាគ្រូស្តោះផ្លុំផង និងម្តាយឈ្មោះ ណាត់ សាមៀន ហើយលោកស្រីមានបងប្អូនចំនួន ៥ នាក់ (ស្រី ០៤ នាក់) ហើយលោកស្រីជាកូនទី ៤។
ប្រវត្តិការសិក្សា៖ចូលរៀននៅសាលាបឋមសិក្សា ទក្ខិណសាលា រួចបានប្រឡងជាប់ចូលរៀននៅអនុវិទ្យាល័យនារី នេតយ៉ង់ នៅឆ្នាំ ១៩៦២ រួចឈប់រៀន ដើម្បីចាប់អាជីពជាអ្នកចម្រៀង។
ប្រវត្តិសិល្បះ៖ដោយមានឪពុកជាគ្រូភ្លេងខ្មែរ ដូចនេះលោកស្រី រស់ សេរីសុទ្ធា តែងតែទៅហាត់ភ្លេង និងហាត់ច្រៀងភ្លេងការជាមួយឪពុករបស់លោកស្រី។ នៅឆ្នាំ១៩៦៣ នៅក្នុងវ័យជំទង់ ១៦ ឆ្នាំ យុវនារី សុទ្ធា ក៏បានទទួលរង្វាន់ពានមាស លេខមួយ ប្រចាំខេត្ត ក្នុងឱកាសពិធីប្រឡងចម្រៀងពេលបុណ្យចូលឆ្នាំ។ មិនបានប៉ុន្មានអាទិត្យផង ក៏មានគេមកអញ្ជើញកញ្ញា សុទ្ធា អោយទៅច្រៀងកំដរក្នុងពិធីស្វាគមន៍កូនកំលោះរបស់លោក គី ស៊ានហូ (ដែលជាកូនលោកឧកញ៉ាគេហបតី គី ស៊ានហូ ថៅកែរោងចក្រអារឈើធំជាងគេ នៅក្រុងបាត់ដំបង) អាយុប្រមាណ ២៤ ឆ្នាំ ដែលទើបបញ្ជប់ ការសិក្សាផ្នែកវិស្វកម្មមកពីទីក្រុងប៉ារីស។
លោកសាស្ត្រាចារ្យ ប៊ុន ថង បាននាំយក សេរីសុទ្ធា ទៅផ្ញើនឹងលោក សុខ ឌីណារី និងលោក ឌី កាណាល់ ដែលជាអ្នកចាត់ចែងនៅក្នុងវង់តន្រ្តី លំហែយោធា ជាវង់ភ្លេងប្រគំប្រចាំរង្គសាល ស្ទឹងខៀវ ក្រុងបាត់ដំបង ដើម្បីជួយអោយនាងបានទទួលមុខរបរ ដែលមានប្រាក់ចំណូលទៀងទាត់។
លោកសាស្ត្រាចារ្យ ប៊ុន ថង បានណែនាំ សុទ្ធា អោយស្គាល់អ្នកចម្រៀងប្រចាំខេត្តបាត់ដំបងជាច្រើន ដូចជា លោក អ៊ឹម សុងសឺម ជាអតីតគ្រូបង្រៀន នៅភូមិកំពង់ព្រះ បាត់ដំបង, អ្នកស្រី ប៉ែន រ៉ន និង អ្នកស្រី ហួយ មាស ដែលច្រៀងនៅរង្គសាលស្ទឹងខៀវដែរ ហើយក៏ជាអតីតសិស្សរបស់លោកផ្ទាល់ ដែលក្រោយមក បានទៅចេញច្រៀង មានឈ្មោះបោះសំឡេង នៅរាជធានីភ្នំពេញ
នៅឆ្នាំ១៩៦៧ យុវតី សុទ្ធា បានចូលបម្រើជាអ្នកចម្រៀង ជាមួយក្រុមតន្រ្តី យោធាភិរម្យ ក្រសួងឃោសនាការ ហើយបានចេញសម្តែង ជាសាធារណៈជាញឹកញាប់
ដោយទេពកោសល្យដ៏លេចធ្លោរបស់នាង យុវតីបានត្រូវគេជ្រើសរើសជាអ្នកចម្រៀងប្រចាំការ នៅរង្គសាលមេគង្គ រង្គសាលបែលអ៊ែរ នៅពោធិ៍ចិនតុង ហើយមានទំនាក់ទំនងជាមួយតារាចម្រៀងមកពីបាត់ដំបងដូចគ្នា អ្នកចម្រៀងនៅភ្នំពេញ និងអ្នកចម្រៀងពីតាមខេត្តនានា និងបានទទួលប្រិយភាព និងការគាំទ្រពេញប្រទេស រួមទាំងមហាក្សត្រ នាម៉ឺនមុខមន្រ្តី និងប្រជាពលរដ្ឋខែ្មរទាំងមូល
នៅឆ្នាំ១៩៦៩ អ្នកចម្រៀងវ័យក្មេងគឺលោកស្រី រស់ សេរីសុទ្ធា បានទទួលគោរមងារពីព្រះប្រមុខរដ្ឋខ្មែរ សម្តេចព្រះឧបយុវរាជ នរោត្តម សីហនុ ថា ជា រាជិនីសំនៀងមាសប្រចាំកម្ពុជា។
ជីវិតរៀបការ៖
នៅឆ្នាំ១៩៦៨ លោកស្រី រស់ សេរីសុទ្ធា បានសម្រេចចិត្តរៀបការ ជាមួយលោក សុះ ម៉ាត់ ដែលជាអ្នកចម្រៀងបុរស ដែលមានរូបសង្ហា និងសម្បូរស្នេហ៍ ។ ក្រោយពីរៀបការហីយបាន ៥ ឬ ៦ ខែ លោក សុះ ម៉ាត់ បានស្ទុះឡើងទៅទះតប់វាយធ្វើបាបភរិយាយ៉ាងដំណំ នៅលើវេទិកាចម្រៀង ក្នុងចំណោមភ្ញៀវកំពុងជប់លៀងអ៊ូអរ ដោយសារក្តីប្រច័ណ្ឌចំពោះភ្ញៀវជាមួយនាង។ ពេលនោះលោកស្រី រស់ សេរីសុទ្ធា បានត្រឡប់ទៅបាត់ដំបងវិញ ដោយបាត់បង់ទារកក្នុងផ្ទៃ ពីព្រោះតែការវាយតប់របស់ សុះ ម៉ាត់ រួចបានចែកផ្លូវគ្នា តែនាងត្រឡប់មកច្រៀងនៅភ្នំពេញវិញ ដោយសារការធានាពីលោកតា ស៊ិន ស៊ីសាមុត។
ចុងឆ្នាំ១៩៦៩ អ្នកស្រី សុទ្ធា បានជួបនឹងកំលោះមួយរួប ឈ្មោះ ហ៊ុយ ស៊ីផាន់ ជាកូនប្រុសរបស់ថៅកែ វណ្ណ ច័ន្ទ ម្ចាស់ផលិតកម្មថាសចម្រៀងដ៏ល្បីល្បាញជំនាន់នោះ រួចហើយក៏ភ្ជាប់ទំនាក់ទំនងដ៏ល្អនោះ រហូតដល់បានកូនប្រុសមួយ
នៅ១៩៧១ មានក្រុមទាហានមួយហ្វូង បើកឡានហ្ស៊ីបចូលមកអញ្ជើញអ្នកស្រីចេញពីផ្ទះ នាំខ្លួនអ្នកស្រីទាំងកណ្តាលយប់ ទៅជូបលោកឧត្តមសេនីយ ស្រី យ៉ា ហើយបានត្រូវឃាត់ខ្លួនទុកនៅទីនោះ មិនអោយត្រឡប់មកផ្ទះវិញឡើយ។ ភរិយាដើមរបស់លោក ស្រី យ៉ា មានរោគស្រ្តី មិនអាចមានបុត្របាន ទើបលោក ស្រី យ៉ា បានប្រើអំណាចបង្ខំចាប់យកអ្នកស្រី សុទ្ធា មកធ្វើជាភរិយាចុងតែម្តងទៅ និងនៅអំឡុងបួនឆ្នាំ ដែលអ្នកស្រី សុទ្ធា រស់នៅជាមួយលោក ស្រី យ៉ា លោកស្រីមានបុត្របួននាក់។
នៅ១៩៧៧ វេលាចូលឆ្នាំខ្មែរ អ្នកស្រី សុទ្ធា បានត្រូវអង្គការបដិវត្តន៍ ចាប់បង្ខំអោយរៀបការ ជាមួយយោធាមួយរូប ដែលពិការដៃម្ខាង មានឈ្មោះថា សមមិត្ត ត្រោក ជាកងកម្មាភិបាលជាន់ខ្ពស់ មួយរូប របស់អង្គការ។
ខ្សែជីវិតចុងក្រោយ៖ដោយជម្លោះក្ឌុងក្ឌាំងញឹកញាប់ពេក អង្គការខាងលើបានហៅអ្នកស្រី ទៅកសាងអប់រំ ដោយរំលឹកអោយអ្នកស្រី គោរពស្វាមី មិនអោយឆ្លើយតបត មានមាត់ក មានហិង្សា ជាមួយលោកយោធាកម្មាភិបាលនោះតទៅទៀត ។ ប៉ុន្តែ អ្នកស្រីតាំងចិត្តអត់ធ្មត់មិនបាន ត្បិតត្រូវស្វាមីវាយដំជេរប្រទេចច្រើនហួសប្រមាណ ក៏តបតដោយសំដីខ្លះ ៗ ត្រឡប់ទៅវិញ ដែលជាហេតុបណ្តាលអោយអង្គការលើ ចាប់ដាក់ទោស បញ្ជូនខ្លួន អោយទៅធ្វើការ នៅភូមិមួយផ្សេងទៀត នៅរវាងពាក់កណ្តាលឆ្នាំ ១៩៧៧ ។ ចាប់តាំងពីថ្ងៃនោះមក គ្មាននរណាម្នាក់បានដឹងដំណឹងពីអ្នកស្រីទៀតឡើយ៕