មានទីតាំងនៅក្នុងឃុំសុចិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានចម្ងាយពីភ្នំជីប្រមាណ៥គ.ម និងស្ថិតនៅចម្ងាយ៣៦គីឡូម៉ែត្រពីខាងលិចសម្ពុបុរៈ ស្រុកសម្បូរ ខេត្តក្រចេះ។មាន៣ប្រាសាទតម្រៀបគ្នាទទឹងថ្ងៃ បែរមុខទៅទិសខាងកើត ហើយនៅក្បែរប្រាសាទមានត្រពាំងធំមួយ ដែលអ្នកភូមិហៅថាត្រពាំងប្រើស។
ប្រាសាទត្រពាំងប្រើស គឺជាជាប្រាសាទបុរាណមួយ ដែលបង្កប់នៅក្នុងព្រៃឡង់ ជាប់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ ស្ថិតនៅក្នុងភូមិត្រយ៉ង ឃុំសុខចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ត្រូវបានទទួលការការពារ ដោយមន្ត្រីឧទ្យានុរក្ស ដែលឈរជេីងនៅទីនោះ ក្រៅពីចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ។
នេះគឺជាការលើកឡើងរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងពេលដែលលោក រួមជាមួយប្រតិភូក្រសួង មន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋ ចុះពិនិត្យមើលប្រាសាទត្រពាំងប្រើស កាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៧។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា មន្ត្រីឧទ្យានុរក្ស ចូលរួមការពារសម្បត្តិធម្មជាតិ នៅក្នុងតំបន់ព្រៃឡង់ រួមទាំប្រាសាទបុរាណ ដែលស្ថិតនៅក្នុងដែនតំបន់ការពារធម្មជាតិ ដើម្បីទុកសម្រាប់ការសិក្សា ស្រាវជ្រាវ និងទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងបម្រើឱ្យវិស័យទេសចរណ៍។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន បន្តការពង្រឹងកិច្ចការពារធនធានធម្មជាតិ ក៏ដូចជាពង្រឹងជីវភាពសហគមន៍មូលដ្ឋាន តាមរយៈទេសចរណ៍ធម្មជាតិ។
ប្រាសាទបុរាណត្រពាំងប្រើសមាន ៣ ប្រាសាទតំម្រៀបគ្នាទទឹងថ្ងៃ បែមុខមកទិសខាងកើត នៅក្បែរប្រាសាទចម្ងាយ១៥០ម៉ែត្រ មានត្រពាំងមួយធំ ដែលអ្នកភូមិហៅថា ត្រពាំងប្រើស មានចម្ងាយពីភ្នំជីប្រមាណ ៥គ.ម។
យោងតាមឯកសារមួយចំនួនបានបញ្ជាក់ថា ប្រាសាទនេះគឺត្រូវបានគេដាក់ឈ្មោះថា ប្រាសាទត្រពាំងប្រើស សាងអំពីឥដ្ឋ គ្រឹះសាងអំពីថ្មបាយក្រៀម បែរមុខទៅទិសឥសានបច្ចុប្បន្នត្រូវបានបាក់បែកស្ទើរតែទាំងស្រុង។ តួរប្រាសាទ ត្រូវបានបាក់ មួយចំហៀង នៅផ្នែកខាងក្រោម សសរពេជ្រមានរាងមូល ហោជាង មានរាងក្រចកសេះ។
យោងតាមការស្រាវជ្រាវបឋម នៃអ្នកបុរាណវិទ្យា ប្រាសាទត្រពាំងប្រើស ត្រូវបាន សន្និដ្ឋានថា កសាងក្នុងអំឡុងចុងស.វទី៨ និងអាចស្ថិតនៅក្នុងរចនាបទកំពង់ព្រះ ដែលជាប្រាសាទស្ថិនៅចុងសម័យចេនឡា ប្រាសាទនេះស្ថិតនៅចម្ងាយ ៣៦គ.ម ពីខាងលិចសម្ពុបុរៈ ស្រុកសម្បូរ ខេត្តក្រចេះ ។
បើទោះបីប្រាសាទនេះនៅក្នុងព្រៃ ប៉ុន្តែអ្នកទេសចរជាតិ និងអន្តរជាតិមួយចំនួន បានមកដល់តារយៈការធ្វើដំណើរតាមយានយន្តផ្សេងៗ។ នៅទីនោះ មានយាយជី តាអាចារ្យ និងមានកុដ្ឋ រួមទាំងការរៀបចំកន្លែងជាទីស្ការៈបូជា មានព្រះអង្គតូចធំ ដែលជាការបញ្ជាក់ឲ្យឃើញថា វិស័យព្រះពុទ្ធសាសនា មានការរីចំរើននៅគ្រប់ទិសទី សម្រាប់ឲ្យបងប្អូនគោរពបូជា តាមទំនៀមទំលាប់ប្រពៃណីខ្មែរ៕