ក្រោយពីគណនីហ្វេសប៊ុកមួយ បានប្រកាសស្វែងរកសាច់ញាតិក្មេងស្រីម្នាក់នេះ ដោយសារសួរនាំមិននិយាយស្ដីអ្វីទាំងអស់ គិតតែពីយំនោះ, ពេលនេះ នាងបានត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពហើយ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ«សារឿន ថ្មគោល» បានបង្ហោះរូបក្មេងស្រីម្នាក់ អមដោយសារអំពាវនាវ កាលពីព្រលប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ថា «បើបងប្អូនណាស្គាល់កុមារីម្នាក់នេះ សូមទាក់ទងមកប៉ូលិស
ប្រចាំឃុំតាពូង ព្រោះក្មេងនេះនៅបឹងថ្កូវខ្ញុំមិនព្រមនិយាយសោះ គិតតែពីយំមិនឈប់សោះ
បើសិនជាបងប្អូនណាស្គាល់សូមមេត្តាជួយប្រាប់ឪពុកម្តាយគាត់បានដឹងអាណិតគាត់ណាស់ជួយយកតែបុណ្យទៅមិនដឹងមានរឿងអ្វីសួរមិននិយាយគិតតែពីយំសង្ឃឹមថាបងប្អូនជួយស៊ែរបន្តផងសូមអរគុណ»។
ក្រោយពីការបង្ហោះសារខាងលើនេះរួចមក គេឃើញគណនីហ្វេសប៊ុកមួយឈ្មោះ«Chamrong Sokanya» បានខំមិនក្រោមផុសនោះ នៅយប់ថ្ងៃដដែលថា «អរគុណហើយលោកអ៊ំក្មួយខ្ញុំមកដល់ផ្ទះដោយសុវត្ថិភាពហើយ»។ ទោះជាបែបនេះក៏ពិតមែន តែអ្នកលេងបណ្ដាញសង្គមមួយចំនួនបានលើកជាការបារម្ភស្រដៀងៗគ្នា ដោយសារឃើញអាវនាងហាក់ដូចជារហែក។
ជាក់ស្ដែង ពួកគេលើកឡើងថា «អាចមានអ្នកណាធ្វើបាបគាត់ទេដឹងទើបបានជាគាត់យំរហូតចឹង, មានអ្នកណាគេធ្វើបាបអីគាត់ទេដឹងបានគាត់មិនព្រមនិយាយអីសោះ, មានរឿងអីចំពោះគាត់ទេដឹងព្រោះអាវគាត់រហែក, ខ្ញុំឃើញអាវគាត់បិទអត់ជិតថាតែគាត់ត្រូវគេធ្វើបាប»។
ឆ្លើយទៅនឹងចម្ងល់ខាងលើនេះ មីងរបស់ក្មេងស្រីខាងលើធ្វើការឆ្លើយតបថា «ចាសបងគាត់មិនអីទេ»។ ជាមួយគ្នានេះ ក៏មានការលើកឡើងជាសំណួរថា ក្មេងស្រីខាងលើ មានបញ្ហាអ្វីនោះ ម្ចាស់គណនីដដែលនេះ បានអះអាងថា «គាត់ខឹងម៉ាក់គាត់តែខ្លាចម៉ាក់វ៉ៃគាត់ចេះតែដើរទៅ»។
បន្ថែមលើនេះ ក៏មានការលើកជាសំណូមពរថា «កុំសូវអោយគាត់ដើរម្នាក់ឯងអីបងស្រីមនុស្សឥឡូវអត់សូវល្អទេ» ហើយត្រូវបានប្រភពដដែលឆ្លើយថា «ចាសបងជារឿងនឹកស្មានមិនដល់គាត់មិនដែរធ្វើអញ្ចឹងឡើយ, ចាសបងរឿងនឹកស្មានមិនដល់តែពីពេលនេះទៅលែងបណ្ដោយហើយ»។
ក្រៅពីការអះអាងរបស់មីងក្មេងរងគ្រោះខាងលើនេះ ក៏មានគណនីហ្វេសប៊ុកមួយទៀតឈ្មោះ«ព្រះអម្ចាស់ សីហា» បានបញ្ជាក់ពីមូលហេតុ ដែលក្មេងនេះ មិននិយាយស្ដី ដែរថា «បញ្ជាក់ពីលោកអធិការស្រុកថ្មគោល បានរកឃើញហើយ ក្មេងស្រីម្នាក់នេះដោយសារតែសួរទៅមិនមាត់ក៏ព្រោះមកពីខឹងម្ដាយ បន្ទោសរឿងតិចតួច»៕