គ្រូ គឺជាអ្នកបង្រៀន អ្នកចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ ទៅកាន់អ្នកដទៃ (សិស្ស)។ អ្វីដែលគ្រូប្រាថ្នាចង់បានពិតប្រាកដ គឺជាគុណតម្លៃរបស់គ្រូនោះ ហើយភាពជោគជ័យពិតប្រាកដរបស់គ្រូ គឺជាអ្វីដែលសិស្សទទួលបាន។
គ្រូជោគជ័យ នៅពេលដែលសិស្សដែលខ្លួនបង្រៀនទទួលបានជោគជ័យពិតប្រាកដក្នុងជីវិតរបស់ពួកគេ។ គ្រូជោគជ័យ មិនមែនបង្រៀនដើម្បីជោគជ័យខ្លួនឯងនោះទេ។ ភាពជោគជ័យរបស់សិស្ស
គឺជាគុណតម្លៃពិតប្រាកដរបស់គ្រូម្នាក់ដែលជោគជ័យ មិនមែនជោគជ័យរបស់គ្រូ ទើបបង្ហាញថាជា គ្រូជោគជ័យនោះទេ។ គ្រូជោគជ័យពិតប្រាកដ ដូចជា ទៀនមួយដើមដែលប្រឹងដុតឆេះខ្លួនឯង ដើម្បីបំភ្លឺអ្នកដទៃអ៊ីចឹង។
គ្រូខ្លះ បានប្រឹងប្រែងប្រើប្រាស់ពាក្យ “ជោគជ័យ” គ្រាន់តែជាឧបករណ៍ដើម្បីបង្កើនភាពជោគជ័យក្នុងការបង្រៀនរបស់ខ្លួនឯង។ ពួកគាត់គិតថា ពេលដែលខ្លួនឯងជោគជ័យហើយ ទើបអាចបង្រៀនគេឱ្យជោគជ័យបាន
ប៉ុន្តែពួកគាត់ប្រហែលជាអាចយល់ច្រលំពាក្យ “ធ្វើឱ្យគេជោគជ័យ” និង “ទាញឱ្យខ្លួនជោគជ័យ”។ ពួកគាត់បង្រៀនវគ្គជោគជ័យ ដោយយករូបភាពជោគជ័យរបស់ខ្លួនដើម្បីបង្ហាញនិងទាក់ចិត្ត
អ្នកទាំងឡាយដែលកំពុងស្រែកឃ្លានជោគជ័យដែរ។ គាត់គិតថា ធ្វើឱ្យខ្លួនឯងជោគជ័យកាន់តែខ្លាំង និងកាន់តែល្បីល្បាញ នោះតម្លៃ (price) នៃវគ្គបង្រៀនជោគជ័យរបស់ខ្លួនកាន់តែខ្ពស់ ហើយចុងក្រោយគាត់កាន់តែជោគជ័យ។ នេះហៅថា “គ្រូជោគជ័យ” មិនមែនជា “ជោគជ័យរបស់គ្រូ” នោះទេ។
រូបភាព៖ លោកគ្រូតា វ៉ៃ ប៉ូ អតីតនាយកសាលាគរុកោសល្យខេត្តបាត់ដំបង និងអនុប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តបាត់ដំបង។ គាត់បានប្រើប្រាស់ពេលវេលាស្ទើរតែពេញមួយជីវិតរបស់ខ្លួន ដើម្បីវិស័យអប់រំ។ សិស្សរបស់គាត់រាប់ម៉ឺននាក់!