កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ ប្រិយមិត្ត ក៏ដូចជាអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន ពិតជាបានជ្រាបរួចមកហើយ ដោយ តារាចម្រៀង បញ្ញា សិទ្ធ មានវិជ្ជាមាន កូវីដ-១៩។ ពេលនោះ តារាចម្រៀងប្រុសរូបនេះ បានបញ្ជាក់បន្ថែមថា ៖
“សួស្តីបងប្អូន ខ្ញុំបាទ បញ្ញា សិទ្ធ ថ្ងៃនេះម៉ោង ១១ យប់ថ្ងៃទី 16-03-2021 បានទទួលលទ្ធផលហើយ គឺ វិជ្ជមាន កូវីដ ១៩ សូមបងប្អូនថែរក្សាសុខភាពផង គ្រូពេទ្យកំពុងនាំខ្ញុំទៅព្យាបាលនៅមន្ទីរពេទ្យ”។
មកដល់ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ នេះ បញ្ញា សិទ្ធ បញ្ជាក់បន្ថែមថា “ជំរាបសួរបងប្អូនជាទីស្រលាញ់ពេលនេះខ្ញុំកំពុងហាត់ប្រាណ សុខភាពរបស់ខ្ញុំ បានធូរបន្តិចហេីយ កុំបារម្ភអីណា ខ្ញុំនឹងឆាប់ជា យកឈ្នះវាអោយបាន ដេីម្បីថតភាពយន្ត និងបំរេីអារម្មណ៍ទស្សនិកជន សារជាថ្មី (ថែរក្សាសុខភាពផងណាបងប្អូន ) “។
ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃដដែល បញ្ញា សិទ្ធ បានប្រកាសថា “ពេលនេះប៉ាម៉ាក់ និងក្មួយ របស់ខ្ញុំ ឆ្លងទាំងអស់”។
តារារូបនេះ បន្ថែមថា “ខ្ញុំសូមសំណូមពរ ដល់ក្រុមគ្រូពេទ្យ យកគាត់មកព្យាបាលនៅ សណ្ឋាគារ អុីនធេីខន់ ខ្ញុំសុខចិត្តទៅ នៅសាលារៀនវិញ អោយម៉ាក់ប៉ាខ្ញុំ មកសណ្ឋាគារវិញចុះ ព្រោះគាត់ចាស់ៗ អស់ហេីយ ខ្ញុំសូមអង្វរ បងប្រុស ហេង ឡុង ជួយខ្ញុំផងចុះ សូមអង្វរ ណាគ្រូពេទ្យ”។
មួយវិញទៀត លោក ហេង ឡុង បានបន្ថែមថា ” ឪពុក ម្ដាយ និងក្មួយ របស់តារាចម្រៀង បញ្ញា សិទ្ធិ ឆ្លងជំងឺកូវីដ19 ទាំងអស់។ សំណូមពរដល់លោកគ្រូពេទ្យ ដាក់គាត់នៅអូតែលអតីតអុីនធើខន ដើម្បីជុំគ្នាជាមួយនឹងកូនរបស់គាត់។”៕